ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍​ ប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤  ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

បើតាមការ​បញ្ជាក់​ពី​ក្រសួងការបរទេស​កម្ពុជា បានឱ្យដឹងថា ការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។​ ចំណែក​មន្រ្តីជាន់ខ្ពស់​ដែល​អមដំណើរ​សម្ដេចតេជោ​រួមមាន៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេ​មេគង្គ​លើក​ទី​៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។​ ចំពោះកិច្ចប្រជុំកំពូលនេះដែរ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ​ ដែល​គណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម​ ដែលកំពុងកើតមាននៅ​ក្នុង​អាង​ទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញ​កិច្ចសហ​ប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។

សូមជម្រាបថា គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញ​ការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រង​តំបន់​អាងទន្លេមេគង្គប្រកបដោយចីរភាព។

គួរបញ្ជាក់ថា​ សមាជិករបស់គណៈកម្មការនេះ រួមមាន៖ ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈ​កម្មការទន្លេមេគង្គបំពេញតួនាទីជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិ​បត្តិការ​ថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធនធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លង​ដែននៅក្នុងតំបន់​អាង​ទន្លេ​នេះ បើទោះបីជាប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាង​ណាក៏​ដោយ​៕

ដោយ​៖សហការី​


ចែករំលែក៖