ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ក្រុង​ប៉ោយប៉ែត​ ចាប់ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ៤ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានចុះស្រាវជ្រាវ​និងឃាត់ខ្លួន​ប្តីប្រពន្ធ​ពីរនាក់ បន្ទាប់ពី​ជនរងគ្រោះ​ប្ដឹងពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ ចំនួន៤ម៉ឺនដុល្លារ។

 បេីតាមមន្រ្តីនគរបាល​ក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ ការឃាត់ខ្លួននេះ  ធ្វើឡើងតាមបណ្ដឹងរបស់អាជីវកម្មម្នាក់នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។

មន្ត្រី​ដដែល​បន្តថា​ ប្តីប្រពន្ធ​មួយ​គូរ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយនេះ ប្ដីឈ្មោះ ប៊ុន ណារិទ្ធ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌុន សំអាត អាយុ៣៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់អាជីវករម្នាក់នៅរាជធានីភ្នំពេញ។

សូមជម្រាបជូនថា​ ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ដើមបណ្ដឹងបានដាក់លុយតាមធនាគារ ABA ដើម្បីឲ្យពីរនាក់ប្ដីប្រពន្ធ ជួយទិញម៉ូតូផ្គត់ផ្គង់ឲ្យខ្លួនដើម្បីលក់នៅភ្នំពេញ ជាបន្ដបន្ទាប់សរុបជាង១៤ម៉ឺនដុល្លារ ប៉ុន្ដែបុគ្គលទាំងពីរនាក់នេះ ទិញម៉ូតូឲ្យដើមបណ្ដឹងបានតែជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ នៅសល់លុយ៤ម៉ឺនទៀត។

ក្រោយមកបុគ្គលទាំងពីរនាក់នេះ មិនបានទិញម៉ូតូមកផ្គត់ផ្គង់ឲ្យដើមបណ្ដឹងទៀតនោះទេ ហើយដើមបណ្ដឹងបានជួបចចារក្នុងអំឡុងខែមករា ឆ្នាំ២០២២ ដើម្បីជជែកគ្នារឿងលុយដែលនៅសល់។ ពេលនោះបុគ្គលពីរនាក់ប្ដីប្រពន្ធនេះ បានចេញសែកមួយសន្លឹកឲ្យដើមបណ្ដឹង ដើម្បីសងប្រាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លុះដល់ថ្ងៃកំណត់ជនរងគ្រោះទៅបើកប្រាក់ តែខាងធនាគារបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់តែម្ដង។ 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២នាក់នេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​នាំខ្លួនយកទៅសាកសួរ​ ដេីម្បីបន្តនីតិវិធី​ច្បាប់​៕

ដោយ​៖ សហការី​


ចែករំលែក៖