ខេត្តមណ្ឌលគិរី ៖ ច្រកឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាសុីណូធីជីហ្គេនទីង ត្រូវគេមើលឃើញថា ទទួលបានភ្ញៀវបរទេសច្រេីនចូលលេងដោយមានច្បាប់អនុញ្ញាត ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្មែរបានចូលលេងដែរ ពិសេសនៅកន្លែង សង្វៀនបញ្ជល់មាន់ ចាក់អាប៉ោង ដែលសមត្ថកិច្ច អាជ្ញាធរត្រូវមានវិធានការ ហាមឃាត់សម្រាប់ពលរដ្ឋខ្មែរ ប្រយោជន៍ការពារដល់ពួកគាត់ ជៀសវាងការខាតបង់ប្រាក់ ទ្រព្យសម្បត្ដិ និងលុបបំបាត់បទល្មើសជាដើម ។
សូមបញ្ជាក់ថា : កាសុីណូធីជីហ្គេនទីង ដែលមានទីតាំងក្បែរច្រកទ្វារទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបើកដំណើរការបានមួយរយៈពេលហើយ ដោយសមត្ថកិច្ចអះអាងថាមានច្បាប់(អាជ្ញាប័ណ្ណ) ត្រឹមត្រូវ ។
បើយោងតាមសេចក្តីរាយការណ៍ពីតំបន់កាសុីណូបានបញ្ជាក់ដែរថា កាសុីណូធីជីហ្គេនទីងហាក់ទទួលបានជោគជ័យ ព្រោះមានភ្ញៀវបរទេសចូលលេងល្បែងច្រើនគួរសម។
ទន្ទឹមនឹងភាពជោគជ័យរបស់កាសុីណូនេះដែរ គេបានទទួលព័ត៌មានអវិជ្ជមានខ្លះមកថា វត្តមានជនបរទេសមកលេងក្នុងកាសុីណូវាជារឿងធម្មតាៗទេ ប៉ុន្តែវត្តមានជនជាតិខ្មែរក៏មានច្រើនដែរ ដែលពួកគេភាគច្រើនចូលទៅលេងល្បែងបញ្ជល់មាន់ ចាក់អាប៉ោង និងខ្លះមានទាំងស្ពាយមាន់ទៅជាមួយទៀតផង ដើម្បីរកគូ ថ្លឹងបញ្ជល់ភ្នាល់ ស្រែកហ៊ោរកញ្ជ្រៀវ ។
សូមរម្លឹកថា កន្លងមក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិធ្លាប់បានដាស់តឿនថា ជនជាតិខ្មែរមិនអោយចូលកាសុីណូ មិនអោយលេងល្បែងខុសច្បាប់។ នេះជាប្រសាសន៍ដែលមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង។
ជុំវិញបញ្ហានេះ លោក ផេង សាវន់ នាយប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុម ស្រុកកែវសីមា ជាមួយអ្នកសារព័ត៌មាន លោក បានអោយដឹងដែរថា លោកមិនបានដឹងអំពីព័ត៌មានទាំងអស់នេះឡើយ។
ដោយឡែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះបានបកស្រាយបញ្ជាក់ដល់សារព័ត៌មានក្នុងស្រុកថា «ពត៌មាននេះសមត្ថកិច្ចបានបេីកការស៊េីបអង្គេត ដោយលោកស្នងការបានណែនាំដល់ម្ចាស់កាស៊ីណូរួចហេីយពាក់ព័ន្ធនឹងព័ត៌មានថាខ្មែរចូលលេងនោះ ហេីយតំណាងម្ចាស់កាស៊ីណូអះអាងថាមិនឱ្យខ្មែរយេីងចូលលេងទេ តែអាចដេីរមេីលបាន» ។
ពាក់ព័ន្ធបញ្ហាមានជនជាតិខ្មែរចូលលេងកាសុីណូនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ពុំអាចស្វែងរកការបកស្រាយពីតំណាងកាសុីណូធីជីហ្គេនទីងបាននោះទេ នាថ្ងៃទី០៤មេសា ឆ្នាំ២០២៣នេះ ដោយគ្មានលេខទូរស័ព្ទ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទនៅថ្ងៃនេះថា ចំពោះកាស៊ីណូធីជីហ្គេនទីង នៅច្រកឡាប៉ាខេ ស្រុកកែវសីមា គេមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងបញ្ជាក់អំពីប្រភេទល្បែង គ្រាន់តែមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរយើងចូលលេងជាដាច់ខាត។ លោកស្នងការបានបន្តទៀតថា កន្លងទៅខាងសមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលឃើញថាមិនមានប្រជាពលរដ្ឋខ្មែរចូលលេងទេ។ ផ្ទុយទៅវិញបើសិនជាព័ត៌មាននេះ ថាមានប្រជាពលរដ្ឋខ្មែរចូលលេង ខ្ញុំនឹងឱ្យកម្លាំងចុះទៅត្រួតពិនិត្យឱ្យបានត្រឹមត្រូវ គឺហាមដាច់ខាតមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានបន្តថា ខ្ញុំតែងតែឱ្យកម្លាំងតាមមើលជាប្រចាំ ហាមឃាត់ ចៀសវាងដាច់ខាតមានវត្តមានប្រជាពលរដ្ឋខ្មែរចូលលេង ដោយសារច្បាប់អនុញ្ញាតតាមរយៈអាជ្ញាប័ណ្ណឱ្យតែបរទេសប៉ុណ្ណោះចូលលេងបាន ។ ដូច្នេះខ្ញុំត្រូវបន្តឱ្យសមត្ថកិច្ចជំនាញចុះទៅពិនិត្យឱ្យបានច្បាស់លាស់៕
ដោយ ៖ សិលា