ភ្នំពេញ ៖ លោក ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជារំពឹងបានអ្នកទេសចរ ប្រមាណ ៤លាននាក់ នៅឆ្នាំ២០២៣នេះ។ ជាការបញ្ជាក់តាមរយៈផេកក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
លោក ជា សែ ថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតី ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» (លើកដំបូង) នៅរាជធានីភ្នំពេញ និងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកកម្ពុជា។
លោកបានបញ្ជាក់ថា «ផ្អែកលើការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ក៏ដូចជាទេសចរណ៍ក្នុងតំបន់ ដោយមានអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសនេះរំពឹងថានឹងទទួលបានប្រមាណ ៤ លាននាក់នៅឆ្នាំ ២០២៣ ដែលជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២-អាស៊ានប៉ារ៉ាហ្គេម»។
លោក ជា សែ បន្តថា សម្រាប់ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង ១០៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ប៉ុន្តែមានការថយចុះ ៦៥.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនជំងឺរាតត្បាត)។
ប្រភពទីផ្សារសំខាន់ៗគឺប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។ ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង រួមមានៈ ភ្ញៀវទេសចរជាតិមានចំនួន ១៣,៩ លាននាក់ កើនឡើង ១៩៨,៨% និងភ្ញៀវទេសចរបរទេសមាន ១,៨ លាននាក់ កើនឡើង ៥៧២,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
លោក ជា សែ បន្ថែមថា ម៉្យាងវិញទៀត សម្រាប់ខែទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤០២,៩៤៣នាក់ កើនឡើង ៧៩៧.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ភ្ញៀវទេសចរជាតិ មានចំនួន ១,៨៧លាននាក់ កើនឡើង ១០៤.២%។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ២០៦.២០៥នាក់ កើនឡើង ១៤០.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងនាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរូបលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រោមការយកចិត្តទុកដាក់ ទទួលខុសត្រូវ និងប្រុងប្រយ័ត្ន៕
ដោយ ៖ សហការី