ព័ត៌មានទាន់ហេតុការណ៍៖

លោកសង្ឃក្លែងក្លាយ១២នាក់ កំពុង​ដើរបិណ្ឌបាតនៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលពេជ្រនៅក្រុងព្រៃវែង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ មនុស្សចំនួន១២នាក់ បានក្លែងបន្លំខ្លួនធ្វេីជាលោកសង្ឃមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ត្រូវ​បានសមត្ថកិច្ចជំនាញ​ នៃស្នងការនគរបាលខេត្តព្រៃវែង​ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេី​យោង​តាមការបញ្ជាក់ពី​លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារព្រហ្មទណ្ឌ។ 

លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី បានថ្លែង​ឱ្យដឹង​នៅព្រឹកថ្ងៃ​អង្គារ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​ឃាត់ខ្លួន​សង្ឃក្លែងក្លាយ​ ១២នាក់នេះ​ បានធ្វេីឡេីង​ ស្ថិតនៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។នៅថ្ងៃទី៣ ខែមេសាម្សិលមិញ​។ 

លោកស្នងការរងនគរបាលខេត្តរូបនេះ​ បន្តថា​ កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន១២នាក់ បន្ទាប់ពីពួកគេក្លែងខ្លួនជាសង្ឃ ហើយបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ត្រង់ចំណុចភូមិឃុំខាងលើ។​ លោកស្នងការរង​ បានបន្ថែមទៀតថា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបទបតាមនីតិវិធីច្បាប់៕

ដោយ៖ ស តារា


ចែករំលែក៖