សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា សហភាពអឺរ៉ុប (EU) កំពុងស្វែងរកការកំណត់ឡើងវិញ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន បើទោះបីជាការបដិសេធរបស់ទីក្រុងប៉េកាំងលើការថ្កោលទោសសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែនអាចរាំងស្ទះនូវកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំក៏ដោយ។
មេដឹកនាំមួយចំនួននៃបណ្តាប្រទេសសហភាពអឺរ៉ុបបាននាំគ្នារៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យមានការសន្ទនាគ្នា។ ក្នុងនោះមានដំណើរទស្សនកិច្ចដែលបានគ្រោងទុកក្នុងសប្តាហ៍នេះ របស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ជាដើម។ គម្រោងទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីកឆែល (Charles Michel) និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sanchez) ក៏បានធ្វើដំណើរទៅចិនផងដែរ។
កាលពីសប្តាហ៍មុន លោកស្រី ឡេយិន បានទទួលស្គាល់ថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនឹងចិន «កាន់តែឃ្លាតឆ្ងាយ និងកាន់តែពិបាក។ ដូច្នេះដើម្បីយល់ពីគ្នាគឺត្រូវចាប់ផ្ដើមពីការនិយាយរកគ្នាទៅវិញទៅមក»។
បើតាមឯកអគ្គរដ្ឋទូតអឺរ៉ុប គោលដៅនៃដំណើរទស្សនកិច្ចរបស់ លោក មីកឆែល កាលពីខែធ្នូ ឆ្នាំ២០២២ គឺដើម្បីស្តារឡើងវិញនូវកិច្ចសន្ទនារវាងសហភាពអឺរ៉ុប
នឹងប្រទេសចិន ហើយគោលបំណងរយៈពេលវែង គឺការរៀបចំកិច្ចប្រជុំកំពូល EU-ចិន នៅទីក្រុងប៉េកាំង អំឡុងខែមិថុនា ឬខែកក្កដា។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខការទូតកំពូលរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗនេះទៀតផង៕ ដោយ៖ ធីរីណា
រូបថត ៖ Europa