ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTOYOTA RAIZE កំពុងបើកថយក្រោយត្រូវម៉ូតូបុកបណ្តាលឱ្យរងការខូចខាត ភាគីទាំងពីរប្រកែកយកត្រូវរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយរថយន្តពីចំហៀងផ្នែកខាងក្រោយ ខណៈដែលរថយន្តកំពុងបើកថយក្រោយបណ្ដាលឱ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៣៨ ក្បែរផ្សារញ៉ែ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តTOYOTA  RAIZE មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-9246ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយ ខណៈនោះរថយន្តក៏បានបើកថយក្រោយបន្តិចដើម្បីងាយស្រួលបត់ត្រឡប់ក្រោយវិញ  ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FF-9536ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយគេចមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកខាងក្រោយខាងឆ្វេងបណ្ដាលឱ្យបែកកាងរថយន្តនិងបែកស្តុបក្រោយម្ខាងរងការខូចខាត ចំណែកខាងភាគីម៉ូតូរងរបួសស្រាល។ភ្លាមៗនោះគេឃើញភាគីទាំងសងខាងបានជជែកវែកញែកគ្នាយកត្រូវរៀងៗខ្លួន។

ក្រោយមកគេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឱ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ដោយភាគីទាំងសងខាងនៅតែជជែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖