ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ១៥នាក់ និងស្រាល ៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៥លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធិ ៤លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក បត់គ្រោះថ្នាក់ ៣លើក និងស្រវឹង ១លើក។
ជាមួយគ្នានេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៤ ខែមេសាម្សិលមិញនេះដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩២គ្រឿង ម៉ូតូ ៧៨២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១៥គ្រឿង មានម៉ូតូចំនួន ១៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី