ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានកាត់លះមែកឈើ ដើម្បីកែលម្អរ សោភ័ណភាពរាជធានី ត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកីឡាស៊ីហ្គេមលើកទី៣២

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែលម្អសោភណ័ភាពរាជធានីភ្នំពេញ ដើម្បីទទួលការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ា ហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខ។

    លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ មេសា ឆ្នាំ២០២៣នេះថា៖ តាមផែនការដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំរបស់ លោក  ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការលះមែកឈើ នៅតាមមហាវិថីធំៗមួយចំនួន ពិសេស នៅលើមហាវិថីដែលពាក់ព័ន្ធនិងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចូលចូលរួមក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែនិងដើម្បីបង្ការ ទប់ស្កាត់ ការបាក់រលំដើមឈើនៅរដូវវស្សានាពេលខាងមុខ នេះ ផងដែរ។

       លោកបន្តថា ចំពោះកិច្ចការងារនេះ នៅលើបណ្ដោយមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ A ដល់ស្ពានព្រែកព្នៅ យើងអនុវត្តកិច្ចការងារនេះបានសម្រេច ១០០ ភាគរយហើយ។ ក្រុមការងាររបស់លោកបន្តការកាត់លះមែកឈើ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមចាប់ពីផ្សារធំថ្មីទៅដល់សាលាសន្ធម៉ុក បន្តការកាត់លះ មែកឈើ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តម ផ្លូវស៊ីសុវត្ថិ និងផ្លូវសំខាន់ៗ មួយចំនួនទៀត ដែលប្រតិភូត្រូវឆ្លងកាត់។

     ក្នុងនោះមហាវិថីព្រះសីហនុ ជុំវិញស្តាតអូឡាំពិក ក៏ជាផ្លូវដែលយើងយកចិត្តទុកដាក់ ក្នុងការកាត់លះមែកឈើទាំងនេះផងដែរ។ បន្ថែមពីនេះកំណាត់ផ្លូវម៉ៅសេ ទុង ផ្លូវលេខ ៥១,៦១ និងកំណត់ផ្លូវផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ជាផ្លូវ ដែល អាជ្ញាធរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់លើការកាត់លះមែកឈើ ទាំងនេះផងដែរ ដើម្បីបង្ការទប់ស្កាត់ការបាក់រលំដើមឈើ បង្កឲ្យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ នារដូវវស្សានេះផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖