ព័ត៌មានទាន់ហេតុការណ៍៖

សុំឪពុកម្តាយមកលេងសង្ក្រាន្តបែរជាមកលង់ទឹកស្រះក្នុងវត្តស្ងួនពេជ្រ

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងមួយក្រុមនាំគ្នាមកលេងទឹកស្រះក្នុងវត្តស្ងួនពេជ្រក៏បានលង់ទឹកលិចបាត់ទៅ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល​ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២៣​ នៅក្នុងស្រះវត្តស្ងួនពេជ្រ​ ភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ ។ បន្ទាប់មកកម្លាំងរុករកអង្គភាព៩១១បានបោះខ្សែពួរក៏ប្រទះឃេីញនាវេលាម៉ោង២និង១០នាទីរសៀលថ្ងៃខែដដែល។ 

    ជនរងគ្រោះឈ្មោះ វាសនា​ រ៉ាយុទ្ធ​ ភេទប្រុស អាយុ៩ឆ្នាំ​ នៅបុរីពិភពថ្មីកំបូល៣​ ភូមិថ្មដា​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

    តាមប្រភពពីឪពុកក្មេងរងគ្រោះបានឱ្យដឹងថា​ នៅព្រឹកថ្ងៃកេីតហេតុកូនរបស់គាត់(ជនរងគ្រោះ)សុំគាត់មកលេងសង្ក្រាន្តនៅសាលារៀនស្ងួនពេជ្រ លុះនៅវេលាម៉ោង១១ព្រឹកដោយមិនឃេីញទៅផ្ទះវិញគាត់ក៏ដេីររកដែរតែរកមិនឃេីញ​ ។ 

ប្រភពដដែលបានបន្តថា​ លុះមកដល់វេលាម៉ោង១រសៀលថ្ងៃខែដដែលក៏ឃេីញកង់និងស្បែកជេីងកូនរបស់គាត់នៅមាត់ស្រះក្នុងវត្តស្ងួនពេជ្រទេីបរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងជេីងទឹកនៃអង្គភាព៩១១មកជួយធ្វើអន្តរាគមន៍ដោយបោះខ្សែពួររកឃេីញក្មេងរងគ្រោះនៅវេលាម៉ោង២និង១០នាទីថ្ងៃខែដដែល។ 

   បច្ចុប្បន្ន​សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖