ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គតបុរី ដែលគ្រោងធ្វើឡើងក្នុងរយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ ។
ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសសីមា ។ ដើម្បីអោយពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធមនិងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញតែងបានចុះពិនិត្យទីតាំងជាក់ស្តែងក្នុងទីអារាមនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមេសានេះ លោក ឃួង ស្រេង និងលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតបានចុះវាស់វែង ពិនិត្យទីតាំង ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀតដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេស។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងទីវត្តព្រះបារមីវង្កតបុរីនេះតែម្តង ដោយប្រជុំពិភាក្សាលម្អិតលើកិច្ចការងាររៀបចំរោងពិធីទាំងមូល ពិភាក្សាលើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ពិសេសកិច្ចការពារសុវត្ថិភាពជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតាបិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃ២៤មេសាសម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញកាត់ឫសសីមា ។
លោកឃួង ស្រេង បានអោយដឹងថាពិធីបុណ្យ៣យប់៤ថ្ងៃនេះនឹងរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុមដើម្បីសម្តែងជូនទស្សនិកជនបានមើលកម្សាន្ត ដោយមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគំតន្ត្រីផងដែរ ។ ដូច្នេះទេ លោកជំរុញអោយមានការរៀបចំអោយបានល្អនិងត្រូវពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលដល់ទស្សនិកជនបានទស្សនាកម្សាន្ត សប្បាយ៕
ដោយ ៖ សំរិត