ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) លើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលនេះ មានការចូលរួម ដោយ លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាមតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តំណាងជាន់ខ្ពស់ន ប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាអំពីសារៈ សំខាន់ជាយុទ្ធសាស្ត្រនៃទន្លេមេគង្គ ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងសម្រាប់សុខុមាលភាពនៃប្រជាជនក្នុងបណ្តាប្រទេសមេគង្គ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹង ប្រែងក្នុងចំណោមប្រទេសមេគង្គ និងជាមួយដៃគូ ក៏ដូចជាយន្តការពាក់ព័ន្ធផ្សេងទៀត មានសារៈ សំខាន់ខ្លាំងណាស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និងសម្រេចបាន នូវការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ព្រមទាំងដើម្បីធានាថា ទន្លេមេគង្គជាទន្លេដែលមានអនាគតកាន់តែត្រចេះត្រចង់ មានវិបុលភាពរួមគ្នា និងសម្រាប់គ្រប់ ប្រទេសតាមដងទន្លេ និងប្រជាជនទាំងអស់ដែលរស់នៅក្នុងអាងទាំងមូល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាង ពេញលេញ ដើម្បីនាំមកនូវជោគជ័យធំៗបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណៈ កម្មការទន្លេមេគង្គ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មី មួយស្តីពី ការរួមគ្នាដោះស្រាយគ្រាប់មិនផ្ទុះដែលនៅសេសសល់ក្នុងទន្លេមេគង្គ ដែលបន្សល់ទុក តាំងពីសម័យសង្គ្រាម ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតរបស់ប្រជាជនដែល កំពុងរស់នៅតាមដងទន្លេមេគង្គ។
នៅក្នុងកិច្ចប្រជុំកំពូល ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានអនុម័តសេចក្ដីថ្លែង ការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលលើកទី៤ ដោយក្នុងនោះ ៖
ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និង សមិទ្ធផលដែល RC សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៣ក្នុងឆ្នាំ ២០១៨ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកាន់តែរឹង មាំក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ ព្រមទាំង ភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ក្រោមទិសស្លោក “មេគង្គតែមួយ ស្មារតីតែមួយ” ដែលប្រទេសជាសមាជិកប្ដេជ្ញាចិត្តរួមគ្នា។
ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានទទួលស្គាល់នូវកាលានុវត្តភាពដែល ទន្លេមេគង្គផ្តល់សម្រាប់ការអភិវឌ្ឍនិងការលូតលាស់ផ្នែកសេដ្ឋកិច្ចសង្គម និងធានា ថាសន្តិសុខទឹកជានិរន្តរ៍ គឺជាមូលដ្ឋានទ្រទ្រង់គន្លឹះដ៏សំខាន់មួយ។ តែទន្ទឹមនឹងនោះ ក៏បានទទួលស្គាល់ផងដែរថា ការអភិវឌ្ឍក៏អាចបង្កជាផលប៉ះពាល់ឆ្លងដែន ដែល ចាំបាច់ត្រូវរួមគ្នាដោះស្រាយ រួមបញ្ចូលទាំងផលប៉ះពាល់កើតចេញពីការប្រែប្រួល អាកាសធាតុ។
– ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហា ប្រឈមនានាដែលកំពុងកើតមានក្នុងអាង និងស្នើឱ្យ MRC រួមទាំងដៃគូនិងភាគី ពាក់ព័ន្ធទាំងអស់ស្វែងរកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងដើម្បីចាប់ យកកាលានុវត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គដែល មានសន្តិសុខទឹក និងប្រកបដោយចីរភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើក ចំហ មានតម្លាភាព បរិយាបន្ន ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សមភាព ការ ពិគ្រោះយោបល់ ការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការគោរព អធិបតេយ្យភាព ដោយផ្តោតលើ៖
ការស្វែងរកគម្រោងវិនិយោគរួមថ្មីៗថ្នាក់ជាតិ ដែលមានសារៈសំខាន់សម្រាប់ អាងទាំងមូល តាមរយៈការរៀបចំផែនការតំបន់បែបបុរសកម្ម ដែលនាំឱ្យបង្កើត បាននូវផែនការបន្សំអាងទន្លេ ការផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេសមេគង្គ អាចជួយសហគមន៍ឱ្យសម្របខ្លួនទៅ នឹងស្ថានភាពទន្លេដែលមានការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូនដំណឹង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន ការគាំទ្រដល់ការធ្វើសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរជាងមុន ការបង្កើនប្រសិទ្ធភាពនៃកិច្ចពិគ្រោះយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធនវានុវត្តភាពក្នុងគោលនយោបាយបច្ចេកវិទ្យា និងយន្តការសម្រាប់កិច្ចសហការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូលស្របតាមអាណត្តិរបស់ MRC តាមរយៈ ប្រតិបត្តិការ និងភាពជាដៃគូជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែល ពាក់ព័ន្ធមេគង្គផ្សេងទៀត
• ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ការធានាថា MRC គឺស្ថិតក្នុងអន្តរកាលប្រកបដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែក ហិរញ្ញវត្ថុដោយខ្លួនឯង នៅត្រឹមឆ្នាំ២០៣០។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានអះអាងសារជាថ្មី នូវការប្ដេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ តួនាទីរបស់ MRC ក្នុង ការជួយធានាឱ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និង ប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ទន្ទឹមនឹងនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ឆ្ពោះ ទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្ម និងការសម្របសម្រួលការគ្រប់គ្រង កិច្ចប្រតិបត្តិការ និងបានអំពាវនាវឱ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូ និងភាគី ពាក់ព័ន្ធនានា – បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ អាងឆ្នាំ២០២១-២០៣០ ស្របតាមសេចក្ដីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងទន្លេ មេគង្គតែមួយ ស្មារតីតែមួយ។
នៅមុនកិច្ចប្រជុំកំពូលពេញអង្គ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ក៏បានជួបពិភាក្សា គ្នាក្នុងកិច្ចប្រជុំចង្អៀត ដោយផ្តោតលើការពង្រឹងតួនាទីរបស់ MRC និងកិច្ចសហប្រតិបត្តិការតំបន់ ក៏ ដូចជាការធ្វើឱ្យប្រសើរលើការចែករំលែកទិន្នន័យ និងព័ត៌មាន ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕
ដោយ ៖ សិលា