ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថាចំនួនគោលដៅសរុប ១១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៧៨៤គ្រឿង ម៉ូតូ ១,២៩៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦៥គ្រឿង មានម៉ូតូចំនួន ១៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ដោយឡែកនៅថ្ងៃដដែលនេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់។ ក្នុងករណីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មានកត្តាល្បឿន ១លើក មិនគោរពសិទ្ធិ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក៕ ដោយ៖សហការី
រូបភាព៖ ឯកសារ