ព័ត៌មានទាន់ហេតុការណ៍៖

ការផ្សាយព័ត៌មានបំភ្លៃ បំផ្លើសរបស់ក្រុមឧទ្ទាមជ្រុលនិយមហួសហេតុលើករណីបង្ខិតបង្គោលព្រំដែន ត្រូវបានខាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបំភ្លឺ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំពីការផ្សាយព័ត៌មានបំភ្លៃ បំផ្លើសរបស់ក្រុមឧទ្ទាមជ្រុលនិយមហួសហេតុលើករណីបង្ខិតបង្គោលព្រំដែន ។ 

    នេះគឺជាប្រពៃណីរបស់ក្រុមឧទ្ទាម ដែលតែងតែបង្កគ្រប់រូបភាពក្នុងវេលាការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់ ។ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់កលដ៏ថោកទាបរបស់ក្រុមនេះឲ្យសោះ ! ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណៈជន ពាក់ព័ន្ធការចុះផ្សាយក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) មានផេកឈ្មោះ កាមទេព លឹមហុង ដែលមានខ្លឹមសារថា៖ “ផ្អាករឿងជោគជ័យសិន” នៅខេត្ត ត្បូងឃ្មុំ យួន បង្ខិតព្រំដែនចូលកម្ពុជា កាលពីថ្ងៃទី ០៣ ខែ៤ ឆ្នាំ២០២៣ គ្មានអ្នកចាប់អារម្មណ៍ទេ និងគណនីហ្វេសប៊ុកមាន ឈ្មោះ Parya Fan ដែលមានខ្លឹមសារថា៖ នៅខេត្តត្បូងឃ្មុំ យួន បង្ខិតព្រំដែនមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ ក្រោយពី ទទួលបានព័ត៌មានភ្លាមៗ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការបន្ទាន់ រួមមាន៖

១. បានចាត់តាំងលោកស្នងការរងទទួលផែនជំនាញ និងមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦១៧ ចុះទៅស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកព័ត៌មានការពិត ព្រមទាំងរកភស្តុតាងនានាដែលពាក់ ព័ន្ធករណីខាងលើ ។

២. ជាលទ្ធផលនៃការចុះស្រាវជ្រាវករណីខាងលើ គឺស្ថិតនៅចំណុចបង្គោលព្រំដែនបំពេញបន្ថែមលេខ ៩៨/១ និង ៩៨/២ ស្ថិតនៅភូមិស្រែតានិងលិច ឃុំចាន់មូល ស្រុកមេមត់ ដោយពុំមានករណីដូចការលើកឡើងរបស់ គណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង និងគណនីហ្វេសប៊ុកឈ្មោះ Parya Ren នោះឡើយ ។

៣. ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមចាត់ទុកការបង្ហោះផ្សព្វផ្សាយព័ត៌មានខាងលើ គឺមានចរិតញុះញង់ លាបពណ៌ បង្កអសន្តិសុខក្នុងសង្គម ធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ អស់ជំនឿ និងបាត់បង់ទំនុកចិត្ត មកលើរាជរដ្ឋាភិបាល កម្ពុជារបស់យើង ដែលជាស្ថានិកស្នេហាជាតិយ៉ាងពិតប្រាកដ ។

ទន្ទឹមនេះដែរ ស្នងការដ្ឋាន បន្តចាត់តាំងកម្លាំងនគរបាលការពារព្រំដែន ប្រកៀកស្មារគ្នាជាមួយកងយោធពល ខេមរភូមិន្ទ ធ្វើការល្បាតត្រួតពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគីជាប់ជាប្រចាំ ដើម្បីថែរក្សាបានសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការ លួចនាំមនុស្សឆ្លងដែនខុសច្បាប់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណៈជន ដែលបានបានប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖