ខេត្តក្រចេះ ៖ ករណីឧប្បត្តិវហេតុលិចទូកនៅកណ្ដាលទន្លេមេគង្គ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់បាត់ខ្លួនរហូតមកដល់ពេលនេះនៅរកមិនទាន់ឃើញ នៅឡើយ។យោងតាមរបាយការណ៍នគរបាលបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ៥នាក់បានធ្វើដំណើរតាមទូកចេញពីឃុំកោះច្រែងទៅស្រុកព្រែកប្រសព្វដើម្បីទិញដែក ពេលត្រឡប់មកដល់ ឃុំកោះច្រែងវិញពេលមកដល់ចំណុចកណ្ដាលទន្លេមានខ្យល់បក់ខ្លាំងមានរលកធំៗបណ្តាលឲ្យទូកនោះ បានលិចនៅកណ្តាលទន្លេ ដោយបាត់ខ្លួនជនរងគ្រោះ១នាក់។
ជនរងគ្រោះទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ លន់ ខេមរា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិវត្ត មុខរបរ នៅក្នុងបន្ទុក ( បានបាត់ខ្លួន)
២.ឈ្មោះ ម៉ក កក្កដា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិវត្ត មុខរបរសិស្ស (អ្នកបើកទូក)ជួយសង្គ្រោះបាន។
៣.ឈ្មោះ មាស បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិវត្ត មុខរបរសិស្ស (អ្នករួមដំណើរ) បានជួយសង្គ្រោះ។
៤.ឈ្មោះ អូន សុភក្រ្ក ភេទប្រុសអាយុ១៩ ឆ្នាំ រស់នៅភូមិវត្ត មុខរបរកសិករ (អ្នករួមដំណើរ)បានជួយសង្គ្រោះ។
៥.ឈ្មោះ ទិត្យ ជីវ័ន្ត ភេទប្រុសអាយុ១៦ ឆ្នាំរស់នៅភូមិវត្ត មុខរបរសិស្ស(អ្នករួមដំណើរ)ត្រូវបានជួយសង្រ្គោះបានហើយ អ្នកទាំង៥នាក់រស់ នៅឃុំកោះច្រែង ស្រុកចិត្របុរីខេត្តក្រចេះ។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ លន់ ខេមរា ភេទប្រុស អាយុ១៧ឆ្នាំដែលបានបាត់ខ្លួនមកដល់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៣គិតត្រឹមវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ នៅមិនទាន់រកឃើញនៅឡើយទេ សមត្តកិច្ចកំពុងតែរុករកបន្ត៕
ដោយ៖ សូរិយា