ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការប្រើប្រាស់រូបភាពផ្សព្វផ្សាយក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ ជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានធ្វើការបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួង ផ្សព្វផ្សាយអំពីសារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក គ្រប់ថ្ងៃគឺជាអច្ឆរិយភាព ដែលខ្លឹមសារទាំងនេះគឺជាផ្នែកមួយនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ របស់រាជរដ្ឋាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ សំដៅស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ ដោយផ្ទាល់ និងដោយប្រយោលពីវិស័យទេសចរណ៍ ។

យ៉ាងណាមិញ ក្រសួងទេសចរណ៍មានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ដោយបន្ទាប់ពីការបង្ហោះនូវ ខ្លឹមសារខាងលើ ក្រសួងបានទទួលនូវមតិរិះគន់ និងប្រតិកម្មអវិជ្ជមានពីសាធារណជន ដោយចោទប្រកាន់ថា បាន ប្រើប្រាស់រូបភាពមិនត្រឹមត្រូវ និងរំលោភលើកម្មសិទ្ធិបញ្ញា ជាដើម។ ឆ្លើយតបទៅនឹងករណីខាងលើ ក្រសួង ទេសចរណ៍សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជនទាំងអស់ ដូចខាងក្រោម៖

ទី១. ក្រសួងទេសចរណ៍បានទទួលសិទ្ធិប្រើប្រាស់ដោយស្របច្បាប់ លើរូបភាពដែលបានប្រើប្រាស់ក្នុង យុទ្ធនាការខាងលើ ដោយក្នុងនោះ រូបភាពមួយចំនួនបានស្នើសុំទិញសិទ្ធិប្រើប្រាស់ រូបភាពមួយ ចំនួនបានមកពីកម្មវិធីប្រកួតប្រជែងរូបភាពដែលរៀបចំឡើងដោយក្រសួងផ្ទាល់ និងរូបភាពដទៃទៀត គឺទទួលបានពីប្រភពបើកចំហ (Open Source) ដែលអនុញ្ញាតឱ្យសាធារណជនទាញយកដោយសេរី និងស្របច្បាប់។

ទី២. រូបភាពដែលប្រើប្រាស់ក្នុងយុទ្ធនាការខាងលើ គឺជារូបភាពដើមរបស់កម្ពុជា ។

ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវដល់សាធារណជន មេត្តាឈប់ចែកចាយបន្ត និង កែតម្រូវការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះតទៅទៀត ចៀសវាងបង្កផលប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ដែលចង់ចែករំលែកជាមួយ ក្រសួងទេសចរណ៍នូវរូបភាពពាក់ព័ន្ធនឹងទេសភាពស្អាតៗ បទពិសោធន៍ទេសចរណ៍ល្អៗ និងពេលវេលាដ៏អស្ចារ្យ របស់ខ្លួននៅកម្ពុជា សំដៅចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ដនៅកម្ពុជា ដើម្បីប្រយោជន៍ជាតិជារួម សូមមេត្តាទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ (០៨៦ ៤៣៣ ៣៨៦) ឬ តេឡេក្រាម តាមរយៈ QR Code នៅខាងក្រោម 

ដោយ ៖ សិលា


ចែករំលែក៖