ភ្នំពេញ៖ អធិការនគរបាលខណ្ឌឫស្សីកែវ រំលឹកដល់កម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាល ចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ពិសេស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ រំលឹកដូចនេះ ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងប៉ុស្តិ៍ឈរជើងតាមគោលដៅ និងដឹកនាំកម្លាំងចេញល្បាតបង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាយប់ថ្ងៃទី០៥មេសា។
អនុវត្តន៍តាមបញ្ជា និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខណ្ឌឬស្សីកែវ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់បទល្មើស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មើស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីកា ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត។
ក្រៅពីនេះ លោកអធិការ បានជំរុញឱ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ ហាមពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុញៀន បើមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ ដើម្បីបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
ទន្ទឹមនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានជំរុញឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ដោយត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយមធ្យោបាយផ្សេងៗ ត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ៕
ដោយ៖ ភារ៉ា ដង្កោ