ព័ត៌មានទាន់ហេតុការណ៍៖

អរគុណសន្តិភាព អរគុណសម្តេចតេជោ ! ទំនប់វារីអគ្គិសនីចំនួន២ ថែមទៀតត្រូវបាន គណៈរដ្ឋមន្ត្រីអនុម័តបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សន្តិភាព ការអភិវឌ្ឍន៍កាន់តែរីកចម្រើន។ ជាក់ស្តែង គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួន២ បន្ថែមទៀត ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ តែ១សប្ដាហ៍ប៉ុណ្ណោះក្រោយពីគណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅក្នុងខេត្តពោធិ៍សាត់ ស្វាយរៀង និងព្រៃវែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុងផ្គួបគ្នា និង «គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង»។

លោកបានឱ្យដឹងបន្ថែមទៀតថាផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥ រួមមានទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាតតាមពេលវេលា ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលមានស្តុកទឹកសម្រាប់ការផលិតអគ្គិសនីនៅរដូចប្រាំង។

លើសពីនេះគម្រោងទាំង៥ បានធានាអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី ថែមទាំងនាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការផងដែរ។

រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ ពិភាក្សាលើ​សេច​ក្តី​​ព្រាង​ផែនការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគម្រោងអភិវឌ្ឍន៍​ថាមពល​អគ្គិសនីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣៖ 

១៖ សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ឆ្នាំ២០២១-២០៣០

២៖ ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។

៣៖ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕

ដោយ ៖ សិលា


ចែករំលែក៖