ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញទិដ្ឋភាពនៃការរៀបចំទីប្រារព្ធពិធីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅតាមទីតាំងសំខាន់ៗនៅក្នុងខេត្តសៀមរាប គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ជាមួយទិសស្លោកថា, #១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta , #AS10 #UYFC #ក្ដីស្រម៉ៃនិងក្ដីសង្ឃឹម។
ប៉ុន្តែដោយសារស្ថានភាព អាកាសធាតុ ក៏មានខ្យល់កន្ត្រាក់នៅខេត្តសៀមរាបកាលពីវេលាទៀបភ្លឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម័្ពន្ធ និងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិបាគងចំនួន ៣ឃុំ ខណៈនាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថានឹងរៀបចំជួសជុលឡើងវិញទាន់ពេលវេលា សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់ឱ្យ ដឹងថា, ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់កាលពីព្រឹកថ្ងៃទី៧ ខែមេសា នេះបានធ្វើឱ្យមានការខូចខាតស្តង់ និងការរៀបចំតុបតែងមួយចំនួនដោយស្តង់នៅតាមតំបន់មាត់ស្ទឹងបានខូចខាតប្រមាណ ៤០-៥០ភាគរយ រួមទាំងតំបន់នៅមុខព្រះរាជដំណាក់ផងដែរ។
លោក លី វណ្ណៈ បានបញ្ចាក់ឱ្យដឹងថាបន្ទាប់ពីរងគ្រោះពីភ្លៀងលាយលំនឹងខ្យល់កន្រ្តាក់នេះ រដ្ឋបាលខេត្តនិងភាគីពាក់ព័ន្ធកំពុងតែរៀបចំឡើងវិញ ដែលនឹងរួចរាល់មុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដើម្បីទទួលភ្ញៀវទេសចរណ៍។
លោកបានបញ្ជាក់បន្ថែមថា ការរៀបចំជុសជុលឡើងវិញនេះនឹងធ្វើឱ្យបាន រឹងមាំជាងមុនដើម្បីការពារទប់ស្កាត់ពីគ្រោះថ្នាក់ផ្សេងៗ ខណៈគ្រោះធម្មជាតិអាចនឹងដោយយថាហេតុដូចនេះការរៀបចំសាងសង់នានានឹងត្រូវពង្រឹងឱ្យបានល្អបន្ថែមទៀត។
ទន្ទឹមនោះដែរ ក្រៅពីខូចខាតហេដ្ឋារចនាសម្ព័ននៅក្នុងក្រុងសៀមរាប ក៏មានការប៉ះពាល់ទៅដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកបាគង រួមមាន ភូមិបាគង ភូមិកន្រ្ទាំង និងភូមិរលួស។
គួរឱ្យដឹងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី៥-១១ ខែមេសា តំបន់ខ្លះនឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា, តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបញ្ចេញរថយន្តក្រុងប្រមាណជាង ៣០០ គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ចេញទៅកាន់ស្រុកកំណើត ដោយមិនគិតកម្រៃសេវាអ្វីទាំងអស់ ក្នុងរយៈពេល 3 ថ្ងៃ ។ ដូច្នេះបងប្អូននៅរាជធានីភ្នំពេញ អាចធ្វើដំណើរតាមឡានក្រុងទៅលេងខេត្តសៀមរាប ចូលរួមសប្បាយ ការរៀបចំទីប្រារព្ធពិធីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ។ ដោយឡែកទៅរាជធានីភ្នំពេញ ក៏បានរៀបចំ ការរៀបចំទីប្រារព្ធពិធីនៃព្រឹត្តិការណ៍មហាសង្ក្រាន្ដចូលឆ្នាំថ្មីផងដែរ នៅបរិវេណវត្តភ្នំ ៕
ដោយ ៖ សហការី