ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៖សមត្ថកិច្ចទទួលពាក្យបណ្តឹងហើយ ករណីជន​ស៊ី​វិល​មួយ​ក្រុមសង្ស័យកាងល្បែង បាន​ព្រួត​គ្នា​វាយដំ​ និង​បោក​បំផ្លាញ​ទូរស័ព្ទ​ចំនួន​២​គ្រឿង​របស់​អ្នក​សារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីម្សិលមិញថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងគ្រុបប្រព័ន្ធតេឡេក្រាមដែលមានឈ្មោះថា,  (សន្តិសុខសង្គម ២៥ខេត្តក្រុង) បានធ្វើការជជែកវែកញែក ចំពោះសកម្មភាពក្រុមជនស៊ីវិល ប្រមាណ 4-5 នាក់ បានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មាន ។ ភ្លាមៗនោះពួកគេក៏បានប្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកំណត់ហេតុ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានសន្យា ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរកមុខជនបង្កខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។ 

សូមបញ្ជាក់ថា, ជន​ស៊ី​វិល​មួយ​ក្រុម ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​កាង​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់មួយ​កន្លែង បាន​ព្រួត​គ្នា​វាយដំ​ និង​បោក​បំផ្លាញ​ទូរស័ព្ទ​ចំនួន​២​គ្រឿង​របស់​អ្នក​សារព័ត៌មាន ។ នេះ​ជា​​ករណី​ដំបូង​ហើយ​ដែល​មិន​ធ្លាប់​មាននោះ​ទេ ​ដែល​អ្នក​សារព័ត៌មាន ត្រូវ​បានជនស៊ីវិល​​​កាង​ទីតាំង​ល្បែង​ប្រើ​ច្បាប់​​ព្រៃវាយដំ​គ្មាន​ត្រាប្រណី។

ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​​ខាងលើ​នេះ​ បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​កំពុង​ពេញ​ទៅ​ដោយ​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​ទៅ​ហើយ ។ ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ច ហាក់បណ្ដែតបណ្ដោយផងដែរ ឱ្យមានបនល្បែងស៊ីសងនេះកើតឡើង។ 

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​​គេ​ចែកចាយ​ត​ៗ​គ្នា តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក Telegram បាន​បង្ហាញ​ពី​សកម្មភាព​ជន​ស៊ី​វិល​​៤​ទៅ​៥​នាក់ ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ​ទៅ​លើ​អ្នក​សារព័ត៌មាន​ម្នាក់ និង​បាន​ចាប់​​បោក​ទូរស័ព្ទ​ចំនួន​២​គ្រឿង​បំផ្លាញ​ចោល បន្ទាប់​ពី​អ្នក​សារព័ត៌មាន​រូប​នោះ ​​ចូល​ទៅ​ថត​ទីតាំង​ល្បែង​ស៊ី​សង ដែល​បង្កប់​ទៅ​ដោយ​ការ​ភ្នាល់​ជល់​មាន់​អន​ឡាញ និង​អាប៉ោង​អន​ឡាញ ដែល​សង្ស័យ​ជាទី​តាំង​បង់​ខែ​យ៉ាង​ដុះ​ស្លែ​ចិញ្ចឹម​រដ្ឋអំណាច​មូលដ្ឋាន ។

ជុំវិញ​បញ្ហា​​ខាងលើ​នេះ​ លោក​ឧត្តមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ព័ត៌មាន​នេះ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​ហើយ និង​កំពុង​សាកសួរ​ជន​រង​គ្រោះ​បន្ថែម ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ជន​ដៃដល់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ពិតជា​រឿង​មួយ​មិនធម្មតា ដែល​ទីតាំង​បង្កប់​ល្បែង​នៅ​កណ្តាល​ក្រុងភ្នំពេញ ​មាន​អ្នក​កាង​សម្រាប់​ប្រើ​ច្បាប់​ព្រៃ​បែប​នេះ​បាន​ទៀត តើ​ឯណា​ទៅ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ?យើង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​បែប​នេះ និង​សង្ឃឹមថា សមត្ថកិច្ច​នឹង​វែកមុខ​ក្រុម​ជន​ដៃដល់​ទាំងនោះ ​នាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​គំរូ​​​​ជាក់​ជា​មិន​ខាន​ឡើយ ។

សូមបញ្ជាក់ថា, ក្រុមអ្នកសារព័ត៌មាន បានបង្ហាញរូបភាពអត្តសញ្ញាណក្រុមជនបង្ក ដែលជាតម្រុយងាយស្រួលបំផុត សម្រាប់សមត្ថកិច្ច ចាប់វិធានការទៅតាមផ្លូវច្បាប់ ៕

IMG_5028

ដោយ ៖ សហការី


ចែករំលែក៖