ខេត្តសៀមរាប ៖ បើយោងតាមសេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរន្ធត់ ។ ក្នុងហេតុការណ៍នេះ មានបុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ដើមឡើយខ្មាន់កាំភ្លើង បានបាញ់ប្រពន្ធនៅក្នុងផ្ទះ រួចដើរទៅបាញ់បងថ្លៃដែលកំពុងអង្គុយលក់បន្លែ ទើបជនដៃដល់ ចាប់ផ្តើមបាញ់ក្បាលខ្លួនឯងតាមក្រោយដើម្បីបញ្ចប់ជីវិត ទាំងសាច់ញាតិខាងសពភរិយា បន្សល់តែការសោកសង្វេគ នៃឃាតកម្មដ៏សាហាវនេះ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នារួចទៅហើយ ដោយឡែកចំពោះការបាញ់ប្រហារនេះ សង្ស័យផ្ដើមចេញពីជម្លោះបញ្ហារឿងទ្រព្យសម្បត្តិ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតជុំវិញហេតុការណ៍នេះនៅឡើយទេ។
ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកអធិការនគរបាលក្រុងសៀមរាប តាមរយៈទូរស័ព្ទ លោកសូមអភ័យទោស ដោយសារមិនទាន់បានធ្វើការលំអិតអំពីរឿងខាងលើនេះ ឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសន្និដ្ឋានបញ្ជាក់អំពីមូលហេតុពិត ។ លោកអធិការបានបន្តថា, ពេលដែលបងខាងសាររព័ត៌មានសួរមកនេះ ខ្ញុំក៏យល់ថាខាងបងចង់បានព័ត៌មានច្បាស់ការណ៍ ប៉ុន្តែស្របពេលជាមួយគ្នានេះ ក្រុមសមត្ថកិច្ចក្រុងនិងខេត្តកំពុងតែ ធ្វើកិច្ចការនេះ។ ដូច្នេះអាចនឹងបញ្ជាក់បាននៅពេលល្ងាច ។
ក្រោយកើតហេតុ ប្រពន្ធ និងបងថ្លៃរបស់ខ្មាន់កាំភ្លើង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងបានស្លាប់នៅកន្លែងកើតហេតុ ដោយសារបាញ់ខ្លួនឯងចំក្បាល។
លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប តាមទូរស័ព្ទជាមួយមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោកក៏មិនបានធ្វើអត្ថាធិប្បាយបញ្ជាក់អំពីមូលហេតុនៃការបាញ់ប្រហារផងដែរ។ ដោយលោកបញ្ជាក់ថា, សុំទោសផងខ្ញុំកំពុងជាប់ប្រជុំការងារ ដើម្បីក្តោបព័ត៌មានជុំវិញបញ្ហានេះ៕
ដោយ ៖ សហការី