ខេត្តស្វាយរៀង៖ លោកយឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា យើងត្រូវរួមគ្នាលើកកម្ពស់ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និង បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ ទន្ទឹមនឹងនេះដែរត្រូវលើកកម្ពស់សមត្ថភាពនិយ័តកម្មទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ហើយត្រូវទទួលខុសត្រូវក្នុងការផ្តល់សេវាសុខាភិបាល និងការស្រាវជ្រាវសុខាភិបាលរួមមាន៖ ជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដានដើម្បីឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពសាធារណៈឱ្យស្របតាមលក្ខខណ្ឌច្បាប់សុខភាពអន្តរជាតិ។
ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ប្រចាំឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
លោកបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តដែលបានខិតខំអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនពុះពាររាល់ឧបសគ្គ និងការលំបាកនានាក្នុងបរិបទកូវីដ.១៩ ដែលធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។
លោកបានបន្តទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពជាមួយវិស័យពាក់ព័ន្ធផ្សេងៗទៀតដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូសុខាភិបាល និងសហគមន៍ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ តួយ៉ាងដូចជាបម្រែបម្រួលអាកាសធាតជាដើម។ ត្រូវអនុវត្តនៅចំណុចសំខាន់ៗដូចខាងក្រោម៖
-ត្រូវរួមគ្នារៀបចំនិងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញតាមរយៈការបណ្ដុះបណ្តាលមុនពេលចូលបម្រើការងារ និងក្នុងពេលបម្រើការងារ ជាពិសេសត្រូវ អនុវត្តប្រព័ន្ធទិន្ន័យគ្រប់គ្រងធនធានមនុស្ស ការពង្រាយបុគ្គលិកសុខាភិបាលដែលមានជំនាញច្បាស់លាស់ទៅកាន់ទីជនបទ និងត្រូវលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល។
-ត្រូវរួមគ្នាអនុវត្តវិធានការទប់ស្កាត់និងបង្ការជំងឺ ដោយបង្កើនកិច្ចសហការជាមួយសហគមន៍និងភាគីពាក់ព័ន្ធដើម្បីអប់រំផ្សព្វផ្សាយអំពីអនាម័យ សុវត្ថិភាពចំណីអាហារ ការថែទាំសុខភាព ព្រមទាំងផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ថ្នាំជក់ និងដោយកត្តាបម្រែបម្រួលអាកាសធាតុជាដើម។
-ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តការរស់នៅតាមបែបគន្លងថ្មី និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
-ពង្រឹងការអនុវត្តច្បាប់បទបញ្ញត្តិពាក់ព័ន្ធក្នុងការគ្រប់គ្រងនិងប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ការប្រើសារ ធាតុគីមីក្នុងចំណីអាហារ ការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់។
លោកបន្ថែមទៀតថា មិនតែប៉ុណ្ណោះយើងត្រូវរួមគ្នាអនុវត្តប្រព័ន្ធគាំពារសង្គមតាមរយៈការបង្កើនវិសាលភាពគ្របដណ្ដប់នៃមូលនិធិសមធម៌សុខភាព របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ កម្មករ និយោជិតនៃវិស័យក្នុងប្រព័ន្ធ និងការរៀបចំបទដ្ឋានគតិយុត្តិ និងយន្តការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម សម្រាប់ប្រជាជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
ដោយ៖ សុថាន