ភ្នំពេញ ៖ “ពិព័រណ៍កេសរកូលកម្ពុជា” ដែលរៀបចំឡើង ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅ ប្រទេសកម្ពុជា បានប្រារព្ធបើកជាផ្លូវការ នៅថ្ងៃសុក្រ ទី ៧ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ឌិត នីតា ភរិយា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា វេទិកាកេសរកូលជាតិត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃរបស់កេសរកូលព្រៃ និងលើកទឹកចិត្ត ដល់បណ្តាញអ្នកស្រលាញ់កេសរកូល ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាពិសេសគឺប្រភេទកេសរកូលព្រៃ។ ដោយឡែកក្នុងឆ្នាំ២០២៣ នេះ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជននានា។
ពិព័រណ៍កេសរកូលកម្ពុជា បានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានា រួមមាន៖ ការតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្លៃរបស់កេសរកូលព្រៃ កេសរកូលបង្កាត់ រុក្ខជាតិតាំងលម្អ រុក្ខជាតិក្នុងសួន ប្រទាល រុក្ខជាតិឈើប្រណិតនិងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវៈចម្រុះ និងកេសរកូល។ល។ ជាមួយគញនានេះ ព្រឹត្តិការណ៍នេះ បានរៀបចំឲ្យមានសកម្មភាពផ្សេងៗ ដូចជា ការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល (Orchid Fashion Show) ការសម្តែងល្ខោនស្បែកតូច ការប្រគុំតន្ត្រី ការចាក់បញ្ចាំងវីដេអូខ្លី ស្តីពីវឌ្ឍនភាពការងារអភិរក្សកេសរកូល និងភាពសម្បូបែប និងគុណតម្លៃរបស់កេសរកូលព្រៃ និងជីវៈចម្រុះកម្ពុជា និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា ផងដែរ៕
ដោយ ៖ សិលា