ព័ត៌មានទាន់ហេតុការណ៍៖

Burnley ធានាកៅអីឡើងទៅកាន់ Premier League វិញ ក្រោយយកឈ្នះ Middlesbrough

ចែករំលែក៖

ក្រុម Burnley របស់លោក Vincent Kompany ធានាបាននូវការឡើងទៅកាន់ក្របខ័ណ្ឌកំពូល Premier League ក្នុងការប៉ុនប៉ងលើកដំបូងជាមួយនឹងជ័យជម្នះលើក្រុមចំណាត់ថ្នាក់លេខ៤ Middlesbrough ក្នុងលទ្ធផល២ទល់១ កាលពីរាត្រីឈានចូលថ្ងៃទី៨ ខែមេសានេះ។

ក្រុម Burnley ដែលមិនធ្លាប់ចាញ់ក្នុងលីកចាប់តាំងពីខែវិច្ឆិកា បាននាំមុខមុននៅពេលដែល Ashley Barnes បានស៊ុត១គ្រាប់នាំមុខនៅតង់ទី១នាទី១២ពីការបញ្ជូនរបស់ Josh Brownhill។ ក្រុមម្ចាស់ផ្ទះបានតាមស្មើវិញនៅតង់ទី២ ពេលដែលអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Championship កីឡាករ Chuba Akpom ស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រក្រោយពីកីឡាករ Josh Cullen ធ្វើឲ្យកីឡាករ Cameron Archer ដួលនៅតំបន់ពិន័យនៅនាទី៤៨។

កីឡាករ Connor Roberts បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៦៦ឲ្យក្រុម Burnley ដែលធ្វើឲ្យគ្រូបង្វឹកលោក Kompany បានឃើញការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះគឺក្រុមលោកមានពិន្ទុដាច់ក្រុមលេខ២រហូតដល់១១ពិន្ទុ។ ជ័យជម្នះនេះធ្វើឲ្យ​ក្រុម Burnley មាន១៩ពិន្ទុ​ដាច់​ក្រុម​លេខ៣ Luton ដែល​នៅ​សល់​៦​ប្រកួត​ទៀត​ត្រូវ​លេង។

លោក Kompany បានចាកចេញពីក្រុម Anderlecht នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសបែលហ្ស៊ិកទៅដឹកនាំBurnley  បន្ទាប់ពីពួកគេត្រូវបានកាត់ចោលកាលពីរដូវកាលមុន ហើយអតីតខ្សែការពារ Manchester City វ័យ៣៦ឆ្នាំរូបនេះបានរីករាយជាមួយនឹងយុទ្ធនាការដំបូងដែលស្ទើរតែគ្មានកំហុស។

ទោះបីជាមានការផ្លាស់ប្តូរកីឡាករយ៉ាងច្រើននៅក្នុងរដូវក្តៅបន្ទាប់ពីការបញ្ចប់រយៈពេល៦ឆ្នាំរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier Leagueក្រុម Burnley បានក្លាយជាក្រុមដំបូងគេនៅក្នុងលីកបាល់ទាត់អង់គ្លេសដែលទទួលបានឡើងទៅកាន់លីកកំពូលអង់គ្លេសនៅឆ្នាំ២០២២-២០២៣ ដោយបានឈរនៅលើកំពូលតារាងចាប់តាំងពីថ្ងៃទី២៥ ខែតុលា។

ពេលនេះក្រុម Burnley ត្រូវការត្រឹមតែ១១ពិន្ទុប៉ុណ្ណោះពីការប្រកួត៧លើកចុងក្រោយរបស់ពួកគេដើម្បីឈ្នះពាន ខណៈដែល១៣ពិន្ទុទៀតនឹងឃើញពួកគេក្លាយជាក្រុមជើងឯកដំបូងគេដែលបំបែកកំណត់ត្រា១០០ពិន្ទុចាប់តាំងពី Leicester City ធ្វើបានក្នុងឆ្នាំ២០១៣-២០១៤។

ក្រុម Burnley ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sheffield United ដែលជាក្រុមចុងក្រោយដែលយកឈ្នះពួកគេក្នុងការប្រកួតលីក១៩ប្រកួតកាលពីថ្ងៃចន្ទ។ សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៤ Middlesbrough នេះគឺជាការបរាជ័យជាលើកទី២ ជាប់ៗគ្នាដ៏អាក្រក់ ហើយពួកគេកំពុងតាមពីក្រោយ៩ពិន្ទុពីក្រុមលេខ២ Sheffield United។

ការបរាជ័យជាបន្តបន្ទាប់សម្រាប់ក្រុម Middlesbrough មានន័យថា ពួកគេស្ទើរតែនឹងត្រូវឆ្លងកាត់វគ្គ Play-off ប្រសិនបើពួកគេចង់ចូលរួមជាមួយក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖