ព័ត៌មានទាន់ហេតុការណ៍៖

FIFA បង្កក​មូលនិធិ​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ីក្រោយមិនបានធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup U-20

ចែករំលែក៖

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បានប្រកាសកាលពីថ្ងៃសុក្រថា មូលនិធិអភិវឌ្ឍន៍ដែលបែងចែកសម្រាប់សមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ីកំពុងត្រូវបាន FIFA បង្កក បន្ទាប់ពីប្រទេសនេះត្រូវបានដកហូតធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ(World Cup U-20) នៅឆ្នាំនេះ។

FIFA បានរារាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះពីព្រឹត្តិការណ៍ថ្ងៃទី២០ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីសមាគមកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី (PSSI) នៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនបាននិយាយថា ខ្លួនបានលុបចោលការចាប់ឆ្នោតដោយសារតែអភិបាលកោះបាលីបដិសេធមិនធ្វើម្ចាស់ផ្ទះក្រុមរបស់អុីស្រាអែល។

កាល​ពី​ខែ​មុនក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ក្នុង​រដ្ឋធានី​ហ្សាកាតា ដោយ​គ្រវី​ទង់ជាតិ​ឥណ្ឌូនេស៊ី និង​ប៉ាឡេស្ទីន ដោយ​ទាមទារ​កុំ​ឲ្យ​អុីស្រាអែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម។​​

ការដកចេញនូវព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំបានបង្កឱ្យមានកំហឹង, ការខកចិត្តក្នុងចំណោមអ្នកគាំទ្រ និងកីឡាករនៅក្នុងប្រទេសនេះផងដែរ

FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្តល់អនុសាសន៍ជាបណ្ដោះអាសន្នលើការរឹតបន្តឹងលើការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់ FIFA Forward សម្រាប់ PSSI ហើយនឹងពិចារណាឡើងវិញពីការដកទណ្ឌកម្មនេះ បន្ទាប់ពីពិនិត្យមើលផែនការរបស់ឥណ្ឌូនេស៊ីដើម្បីកែលម្អកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។

ប្រធាន PSSI លោក Erick Thohir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មរដ្ឋបាលនឹងប៉ះពាល់ដល់តម្រូវការប្រតិបត្តិការរបស់ PSSI ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយបានរំលឹកឡើងវិញនូវការណែនាំរបស់ប្រធានាធិបតីលោក Joko Widodoសម្រាប់គាត់ឱ្យផ្លាស់ប្តូរកីឡា ដែលរួមបញ្ចូលទាំងការជួសជុលពហុកីឡាដ្ឋានជាង២០

លោក​បញ្ជាក់​ថា​ ប្រទេស​ឥណ្ឌូនេស៊ី​អាច​គេច​ផុត​ពី​ការ​ពិន័យ​ធ្ងន់ធ្ងររបស់ស្ថាប័ន​បាល់ទាត់​ពិភពលោក​ ដែលនេះ​គឺ​ដូច​ជា​កាត​លឿង​មិន​មែន​ជា​កាត​ក្រហម​ទេ។

FIFA ក៏ធ្លាប់បានហាម​ឥណ្ឌូនេស៊ី​មិន​ឱ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៥ ជុំវិញ​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាលផងដែរ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖