ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។
នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ និងម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះគឺដើម្បីអោយមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផ្នែកប្រពៃណី ទំនៀមទម្លាប់ សាសនា របស់ខ្មែរយើងឲ្យកាន់តែល្អផូផងបន្ថែមទៀតនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វាជារឿងពិតមួយមិនអាចប្រកែកបាន នៅពេលវិស័យអាណាចក្រជួបប្រទះគ្រោះមហន្តរាយហើយនោះ វិស័យពុទ្ធចក្រក៏រងគ្រោះផងដែរ ដូចជាករណីការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ នៃរបបធារណរដ្ឋកម្ពុជា លន់ ណុល និងពីឆ្នាំ១៩៧៥ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ជាដើមដែលធ្វើឲ្យសាសនាទាំងអស់ត្រូវជួបនូវគ្រោះមហន្តរាយ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គ្រប់សាសនាទាំងអស់ នៅលើលោកនេះ សុទ្ធតែបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អទាំងអស់ គ្មានសាសនាណាឲ្យមនុស្សធ្វើអំពើអាក្រក់នោះទេ។ សាសនាគឺផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់អាចារ្យ អាចារិនីទាំងអស់ ក្នុងពិធីមង្គលការ ត្រូវសម្របសម្រួលជាមួយម្ចាស់ដើមការ ជៀសវាងការខ្វែងគំនិតគ្នាក្នុងពិធីមង្គលការ។ សម្ដេចបញ្ជាក់ថាក្នុងករណីម្ចាស់ដើមការតម្រូវឱ្យអាចារ្យធ្វើតាមប្រពៃណីភូមិឋានគាត់ត្រូវតែសម្របសម្រួលតាមនោះ ដើម្បីឲ្យមានការស្រុះស្រួលគ្នាជាមួយម្ចាស់ដើមការ ក៏ដូចជាកូនកំលោះ កូនក្រមុំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងជីវិតនយោបាយរបស់សម្តេចតែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសទៅបុគ្គលពាលដែលកំពុងជ្រកក្រោមព្រះពុទ្ធសាសនា ហៅ«អាខ្មៅ» រកឱ្យឃើញជុំវិញការចោទប្រកាន់ទៅលោក ជេម សុខ ហៅ សុខ សុគន្ធ ដែលថាបានទទួលលុយចំនួន១០ម៉ឺនដុល្លារអាមេរិកពីសម្តេចតេជោ ហ៊ុន សែន។សម្តេចតេជោបានបញ្ជាក់ទៀតថា ត្រង់ចំណុចនេះ បើសុំទោស រួចខ្លួន បើមិនសុំទោសទេ សម្តេចនៅតែបន្តហៅថា«អាខ្មៅ»ជារៀងរហូត។ សម្តេចតេជោមានប្រសាសន៍សូមឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចិញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព នៅកម្ពុជាដែលកម្ពុជារកបានដោយកម្រនោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀតនាពេលខាងមុខ។ សម្តេចតេជោក៏បានជំរុញឲ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយ បញ្ជ្រាប ខ្លឹមសារ អប់រំ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរួមមាន គ្រឿងញៀន ល្បែងស៊ីសង និងសុវត្ថិភាពចរាចរណ៍ ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសឱ្យស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យអាចារ្យ អាចារិរី និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទៅមុខ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕
ដោយ ៖ សិលា