ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត ៖ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំបាទជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំបាទជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន និងសូមថ្លែងអំណរគុណ ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានចំណាយពេលវេលាប្រកាសមុខតំណែង និងបែងចែកភារកិច្ចតួនាទី។

នេះជាប្រសាសន៍លើកឡើង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងបន្តថា, ខ្ញុំបាទសូមបេ្តជ្ញាថានឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្ត និងអនុវត្តឱ្យបានជោគជ័យទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក  នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានមានប្រសាសន៍ថា  ៖ សូមសម្តែងការអបអរសាទរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងលោកវរសេនីយ៍ឯក ង៉ែតសុវណ្ណ អរុណដេត សម្រាប់ការតែងតាំងមុខតំណែងជា នាយការិយាល័យទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ការសម្រេចតែងតាំងមុខតំណែងនេះ គឺស័ក្តិសមទៅនឹងសមត្ថភាព និងគុណបំណាច់របស់នាយទាហានសាមី ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បានបន្តថា,  សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលក្នុងរយៈកាលត្រីមាសដើមឆ្នាំ២០២៣នេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ ៕

ដោយ ៖ សិលា


ចែករំលែក៖