ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាមានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតកន្លងមក ដូចជា ការប្រកាសចូលស្រុកថ្ងៃ៩វិច្ឆិកា ការប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងមករាជរដ្ឋាភិបាល ការទាមទារឱ្យព្រះមហាក្សត្រចុះចេញពីអំណាច និងការទាមទារផ្លាស់ប្តូររបបរាជានិយម ប៉ុន្តែ យើងនៅតែអាចរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មានតែគណបក្សប្រជាជនមួយគត់ដែលអាចគ្រប់គ្រងនិងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាបាន។
សម្ដេចតេជោបានលើកឡើងថា ក្នុងរដូវកាលឃោសនាបោះឆ្នោតនិងមានគណបក្សមួយចំនួននិងប្រើប្រាស់ភាសាទិញទឹកចិត្តរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់កម្ពុជានោះគឺសន្តិភាព។
សម្ដេចថា៖ «គ្មានអ្នកណាក្រៅពីគណបក្សប្រជាជនអាចគ្រប់គ្រងសន្តិភាពបានទេ ។ បើរក្សាសន្តិភាពបានគឺវានឹងទៅមុខហើយតែបើថាបាត់ស្ថេរភាពហើយគ្មានអ្វីអាចរក្សាបានទេរួមទាំងជីវិតផងដែរ»។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ៕
ដោយ ៖ សិលា