ភ្នំពេញ ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល និងលោកស្រី ឥន លម្មី និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយបាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា និងសម្តែងរបាំត្រុដិ បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។
លោក ថេង សុថុល បានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំង មន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៧មករាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ ។
សូមបញ្ជាក់ផងថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់វេលាម៉ោង៤រសៀល នៅថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយ មានរយៈពេល ៣ ថ្ងៃ ៕
ដោយ ៖ រ៉ារ៉ា