ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាង២០គ្រួសារដែលអាស្រ័យផលនិងរស់នៅផ្នែកខាងក្រោមទំនប់ពុ ឃុំកំភុន ស្រុកសេសាន បានទទូចស្នើសុំដល់អាជ្ញាធរខេត្ត និងស្រុកដើម្បីជំរុញការវាស់វែងដីធ្លីឱ្យបានមុនពេលបោះឆ្នោតខាងមុខ។
ការប្រមូលផ្តុំសុំទទូចអង្វរដល់អាជ្ញាធរនោះប្រជាពលរដ្ឋបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០២៣ហើយបានអះអាងថាពួកគាត់បានអាស្រ័យផលលើដីចម្ការរស់នៅជាក់ស្តែងធ្វើស្រែចម្ការតាំងពីសម័យរដ្ឋកម្ពុជាមកម្ល៉េះថែមទាំងមានបង្កាន់ដៃកាន់កាប់និងបង់ប្រាក់ចេញដោយការិយាល័យកសិកម្មស្រុកនាឆ្នាំ១៩៩១ទៀតផង។
ពួកគាត់បន្តថា ដំបូងឡើយមានតែ៧គ្រួសារប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅថ្មីជាបន្តបន្ទាប់សរុបមានប្រមាណជាង២០គ្រួសារដែលអាស្រ័យផលការធ្វើស្រែចម្ការមានដាំស្វាយចន្ទី ដំឡូង និងកសិកម្មបន្ទាប់បន្សំផ្សេងជាច្រើនទៀតដើម្បីទ្រទ្រង់ជីវភាពរាល់ថ្ងៃ។
រហូតមកដល់ពេលនេះពួកគាត់ទាំងអស់គ្នាក៏បានធ្វើការប្រមូលផ្តុំនិងធ្វើការស្នើសុំដល់អាជ្ញាធរមេត្តាជួយពន្លឿនក្នុងការចុះវាស់វែងដីស្រែចម្ការឱ្យមានបណ្ណស្របច្បាប់កាន់កាប់ប្រើប្រាស់ជាដើមទុនពង្រីករបរកសិកម្ម។
លោក រ៉ន ប្រធានសហគមន៍អូរចាបបានបញ្ជាក់ថា ចំណុចផ្ទៃដីខាងលើនោះសហគមន៍ក៏បានលើកក្នុងអង្គប្រជុំនិងសម្រេចកាត់ឆ្វៀលជាការលើកកម្ពស់កសិកម្មស្រូវ ។
លោកបន្តថា កន្លងមកក្នុងសម័យរដ្ឋកម្ពុជាឆ្នាំ១៩៩១ប្រជាពលរដ្ឋមានចំនួន៧គ្រួសារ តែបច្ចុប្បន្នកើនឡើងជាង២០គ្រួសារ ហើយខាងសហគមន៍ក៏បានឯកភាពសម្រេចកាត់ផ្ទៃដីជូនទៅប្រជាពលរដ្ឋដែរ តែខាងអាជ្ញាធរមិនទាន់ចុះវាស់វែងនៅឡើយ ហើយថានឹងអាចមានផែនការអ្វីផ្សេងទៀតដែលលើសពីការស្នើសុំរបស់ប្រជាពលរដ្ឋ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានមានប្រសាសន៍ថា បើយោងតាមស្មារតីរបស់អាជ្ញាធរ គឺបានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋច្រើនលើកហើយ យើងនឹងព្យាយាមបម្រើសេវាកម្មជូនគាត់ ឯការទាមទារស្នើសុំរបស់ប្រជាពលរដ្ឋអាជ្ញាធរស្រុកពុំមានលទ្ធភាពធ្វើបានទាន់ពេលនោះទេ គឺវាហួសពីសមត្ថភាពរបស់ស្រុក ព្រោះដីនោះស្ថិតនៅក្នុងដែនសហគមន៍គ្រប់គ្រង។
លោកបន្តថា ស្រុកមិនចង់ឱ្យមានករណីកាត់ឆ្វៀលក្រវិចក្រវៀនក្រហេងក្រហូងនោះទេ គឺចង់រៀបចំឱ្យក្លាយទៅជាទីកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធមួយដ៏ល្អ ដោយមានទាំងមណ្ឌលសុខភាព សាលារៀន វត្តអារាម ជាដើម នេះជាគោលបំណងនិងជាគោលដៅរបស់ស្រុក៕
ដោយ ៖ ជីវ័ន្ត