ព័ត៌មានទាន់ហេតុការណ៍៖

ផែនការរបស់អាមេរិកនៅក្នុងសង្គ្រាមអ៊ុយក្រែនត្រូវបែកធ្លាយ

ចែករំលែក៖

សារព័ត៌មាន New York Times នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ឯកសារសម្ងាត់មួយចំនួនដែលនិយាយលម្អិតពីផែនការរបស់សហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធា NATO ដើម្បីជួយអ៊ុយក្រែនរៀបចំផែនការបើកប្រតិបតិ្តការវាយបកប្រឆាំងនឹងរុស្ស៉ី បានបែកធ្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម។
សារព័ត៌មាន New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះថាឯកសារសម្ងាត់សង្រ្គាមត្រូវបានបង្ហោះលើបណ្ដាញ Twitter និង Telegram ដែលបណ្ដាញទំនាក់ទំនងសង្គមទាំង២នេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងប្រទេសរុស្ស៉ី។ ប៉ុន្តែ ខាងមន្ត្រីអ៊ុយក្រែនបានអះអាងថា ភាគច្រើននៃឯកសារដែលបានបែកធ្លាយនោះ គឺជាឯកសារគ្មានបានការ និងគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់រុស្ស៉ីដើម្បីបង្កការសង្ស័យដល់ប្រតិបត្តិការវាយបក តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីអាមេរិក ក្រុមមន្ត្រី និងអ្នកគាំទ្ររុស្ស៉ីទំនងជាអ្នកនៅពីក្រោយការបែកធ្លាយឯកសារសម្ងាត់យោធា តែនៅមិនទាន់មានការបញ្ជាក់ថាឯកសារទាំងនោះលេចធ្លាយដោយរបៀបណានោះទេ ខណៈដែលមន្ទីរបញ្ចកោណកំពុងបើកការស៊ើបអង្កេត។
តាម New York Times នៅក្នុងឯកសារដែលបែកធ្លាយខាងលើមានផ្ទុកការឆ្លើយឆ្លងនិងព័ត៌មានលម្អិតមួយចំនួនស្ដីពីការផ្គត់ផ្គង់អាវុធ ការពង្រឹងកងវរសេនាតូច និងព័ត៌មានរសើបមួយចំនួនទៀត។ មួយវិញទៀត កាលពីថ្ងៃសុក្រ ទី៧ ខែមេសានេះ សារព័ត៌មានអាមេរិកនេះដដែលបានរាយការណ៍ថា ឯកសារសម្ងាត់បន្ថែមផ្សេងទៀតបានបែកធ្លាយ ដោយមានលម្អិតពីអាថ៌កំបាំងសន្តិសុខជាតិអាមេរិកនៅលើបណ្ដាញទំនាក់ទំនងសង្គមដោយមានជាប់ពាក់ព័ន្ធនឹងតំបន់ជាច្រើន ក្នុងនោះរួមមានអ៊ុយក្រែន មជ្ឈិមបូព៌ា និងចិន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖