ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកទាំង៥ ទើបត្រូវបំបែក និងបង្កើតថ្មីនៅថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ​ បានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី រួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន៥ ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ 

សូមជម្រាបថា​ ការិយាល័យបោះឆ្នោត០០០៧ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យ ចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោត ខណៈការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួនបី ដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច និងគណបក្សភ្លើងទៀន​។ ដោយគណបក្សប្រជាជនកម្ពុជា​ ទទួលបានសំឡេងឆ្នោតចំនួន ២៤សំឡេង/២៥សំឡេង។

ការិយាល័យ បោះឆ្នោត០០០៩ ក្នុងអនុវិទ្យាល័យ បន្ទាយខ្មែរ  សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកសាមគ្គីមុនីជ័យ  ខេត្តកំពង់ស្ពឺ  បានបិទបញ្ចប់ការបោះឆ្នោត ត្រៀមរៀបចំរាប់សន្លឹកឆ្នោត។

ការិយាល័យ បោះឆ្នោត០០១២ ក្នុងវិទ្យាល័យហ៊ុន សែន សំពៅពូន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងថ្មី សំពៅពូន នៃខេត្តកណ្តាល បានបិទបញ្ចប់ការបោះឆ្នោត ត្រៀមរៀបចំរាប់សន្លឹកឆ្នោត។

ការិយាល័យ បោះឆ្នោត ០០១៣ ស្ថិតនៅក្នុងសាលាបឋមសិក្សាសុវណ្ណសាគរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាលបានបិទបញ្ចប់ការបោះឆ្នោត នៅម៉ោង ៨ និង ២០ នាទី និងត្រៀមរៀបចំរាប់សន្លឹកឆ្នោត។ សូមបញ្ជាក់ថា អ្នកបោះឆ្នោត សរុប មានចំនួន ៦៥ នាក់ ស្រី ១៥ នាក់ បានមកបោះឆ្នោត គ្រប់គ្នា។ 

លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងសំពៅពូន នៃខេត្តកណ្តាល ដែលមានចំនួនអ្នកបោះឆ្នោតសរុប ៥១នាក់ ស្រី ១០នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតឈ្នះដាច់ គឺ ចំនួន ៣៧សំឡេង ខណ:គណបក្សភ្លើងទៀនចំនួន ១៤សំឡេង៕

ដោយ៖ សហការី​


ចែករំលែក៖