ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការខេត្ត បានបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បេីកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ នៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
មន្រ្តីជំនាញ ក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ជាមួយគ្នានោះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង សហការជាមួយ រដ្ឋបាលឃុំ បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ពិសេសផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាបរិស្ថានស្អាតអនាម័យល្អ និងគ្រាប់មីនមិនទាន់ផ្ទុះ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕
ដោយ៖ សហការី