ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ​ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានបេតុងឬស្សីកែវ​ ឆ្លងទន្លេសាប​ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃស្អែកនេះតទៅ

ចែករំលែក៖

ភ្នំពេញ ៖ នេះជាសមិទ្ធផលថ្មីមួយទៀត​ ក្រោមម្លប់សុខសន្តិភាព​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ចិនព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ដូចនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្តី បាន អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គា្ន។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌជ្រោយចង្វារ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖