ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុង”កម្មវិធីរត់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់។
ថ្លែងមានប្រសាសន៍មុនកម្មវិធីចាប់ផ្តើមលោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកចូលរួម ដែលបានចំណាយពេលវេលា និងថវិកា ក្នុងការចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children។ ឯកឧត្តមបានបន្តលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ លោក ហ៊ុនម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។
កម្មវិធីរត់អង្គរសង្រ្កាន្តនេះ បែងចែកជាបីផ្លូវតាមចម្ងាយដែលមាន ៣គ.ម ១០គ.ម និង២១គ.ម។ ចម្ងាយទាំងបីចាប់ផ្តើមនិងបញ្ចប់នៅចំណុចតែមួយគឺនៅមុខអង្គរ និងមានទីតាំងផ្គត់ផ្គង់ទឹក និងផ្លែឈើរបស់យើងមានសរុបចំនួន ៦កន្លែង បន្ទប់ទឹក ៨កន្លែង និងកន្លែងសង្គ្រោះបឋមមាន ៤កន្លែង នៅតាមទីតាំង។ ជាមួយគ្នានេះ ក៏មានការប្រគំតន្រ្តី និងមានការចូលរួមសម្តែងដោយ សិល្បករ សិល្បការិនី អ្នកចូលរួម ប្រកបដោយស្មារតីសប្បាយរីករាយ និងសាមគ្គីភាព។
សូមជម្រាបជូនថា ចុងបញ្ចប់នៃកម្មវិធី លោក ប្រធាន និង លោកអនុប្រធាន ស.ស.យ.ក. បានធ្វើការបំពាក់មេដាយជ័យលាភីជូនដល់ជ័យលាភីលេខ១ លេខ២ និងលេខ៣ រត់ចម្ងាយ ២១ គីឡូម៉ែត្រ និង១០ គីឡូម៉ែត្រ លើវិញ្ញាសារ បុរស និងនារីផងដែរ។ #១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ
#angkorsankranta2023 #ក្ដីស្រម៉ៃនិងក្ដីសង្ឃឹម
#អង្គរសង្រ្កាន្ត #UYFC ៕
ដោយ ៖ សហការី