ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ជាង៤០០ខ្នងត្រូវបានយោធាកងអន្តរាគមន៏វរសេនាតូចថ្មើរជើងលេខ៥១៤សហការជាមួយអាជ្ញាជធរមូលដ្ឋានជួយរុះរើជួសជុលធ្វើថ្មីនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣នេះ។ មន្ត្រីយោធាប្រាប់ថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ ផ្នែកសឹករងស្រុកស្វាយចេក នគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅស្រុកស្វាយចេក ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីល្ងាច មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ជាង៤០០ខ្នង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ ៕
ដោយ ៖ វណ្ណា