ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយយប់នៅស្រុករមាសហែកមានគ្រោះថ្នាក់ចរាចរណ៍២កន្លែងគឺរថយន្តបុកម៉ូតូរួចបុកចូលផ្ទះប្រជាពលរដ្ឋនិងម៉ូតូបុកគ្នា

ចែករំលែក៖

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៦នាក់ដែរបានរងរបួសធ្ងន់និងស្រាល ដោយមួយយប់ក្នុងស្រុករមាសហែកមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាគឺរវាងរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋនិងម៉ូតូបុកគ្នា។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧និង១៣នាទីថ្ងៃទី៩ខែមេសាឆ្នាំ២០២៣ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិទួលជ័យ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក មានម៉ូតូមួយគ្រឿងម៉ាក HONDA C១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CU-៤៨២៩បើកបរដោយឈ្មោះ អឿន លីដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ឈុំ ប៊ុនលី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងដោយធ្វើដំណើរពីជើងមកត្បូងមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកHONDA C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-៥៨១៧បើកបរដោយឈ្មោះ ទេព ថាវី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ និងមានអ្នករួមដំណើរជាកូនឈ្មោះ យាង បញ្ញា ភេទប្រុស អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងដែលធ្វើដំណើរបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

   នៅក្នុងករណីនេះបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សចំនួន៤នាក់  ស្រាល៣នាក់និងធ្ងន់១នាក់ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់នៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១M-៧៥៥៨បើកបរដោយឈ្មោះ ហិន ផាន់ណា ភេទស្រី អាយុ20ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈឈប់ម៉ូតូនៅខាងក្រៅផ្លូវខាងស្តាំដៃអង្គុយពីលើម៉ូតូពីទិសខាងកើតមកលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកLEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ២R-៥៣០៣បើកបរដោយឈ្មោះ យិន សាឃឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដោយធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចក៏បុកគ្នាពេញទំហឹង រួចបានបើករត់គេចមកទិសខាងលិចបានចម្ងាយប្រហែលជាង២គីឡូម៉ែត្រក៏ជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋមានឈ្មោះ ក្រូច រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលអោយខូចខាតសម្ភារមួយចំនួនដូចជា ៖បាក់របងរៀបឥដ្ឋមួយផ្ទាំងទំហំ៣ម៉ែត្រជញ្ជាំងសង្ក័សីប្រវែង៣ម៉ែត្រប្រេះជញ្ជាំងថ្មបន្ទប់ដេកប្រវែង១ម៉ែត្របែកម៉ាសុីនអារឈើធុនតូច ១គ្រឿង បែកម៉ូទ័របូមទឹក ១គ្រឿងបាក់គ្រែឈើ ១គ្រឿង ប្រវែង (2.5mx3m)។

   ប្រភពបន្តថា ក្នុងករណីនេះបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សចំនួន ០២នាក់ ដោយឈ្មោះ ហិន ផាន់ណា ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែរថយន្តបើករេចង្កូតទៅបុកម៉ូតូពីក្រោយនៅក្រៅផ្លូវថ្នល់តែម្ដង៕

ដោយ ៖ សុថាន

 


ចែករំលែក៖