ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរជាតិអប្សរា និងផ្នែកឯកជន ចុះសួរសុខទុក្ខយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយតំណាងអាជ្ញាធរជាតិអប្សរា និងតំណាងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ចុះសួរសុខទុក្ខដល់នាយទាហាន និងពលទាហាននៃយោធភូមិភាគទី៤ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតជិតមកដល់។

តាមរយៈសេចក្តីសម្រេចពិសេសរបស់រាជរដ្ឋាភិបាលស្តីពីការកែសម្រួល និងការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន-អង្គការសង្គមស៊ីវិល ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បានចងមេត្រីភាពជាមួយយោធភូមិភាគទី៤។ គិតចាប់ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរជាតិអប្សរា សមាគម និងក្រុមហ៊ុនឯកជន បានចុះមកសួរសុខទុក្ខយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបានចំនួន ១២លើក (បូករួមនឹងឆ្នាំ២០២៣នេះ)។ 

គណៈប្រតិភូក៏បាននាំមកនូវអំណោយរបស់ថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត សមាគម ផ្នែកឯកជន ក្រុមហ៊ុន និងសប្បុរសជននានាចែកជូនដល់នាយទាហាន និងពលទាហាននៃ យោធភូមិភាគទី៤ ដែលរួមមាន៖ ថវិកា៖ ៣១.១២០.០០០ រៀល និង ៤.០០០$ (គិតជាប្រាក់រៀល ៤៧.៧២០.០០០ រៀល), ស្រាបៀរ ២១៥កេស, ភេសជ្ជៈគ្រុឌអាយ ២០០កេស, ទឹកបរិសុទ្ធ ២១៥កេស, មី ១៥២កេស, ទឹកត្រី ៩០យួរ, ទឹកស៊ីអ៊ីវ ៩០យួរ, ត្រីខ ០១កេសធំ និងអង្ករ ១,៥ តោន៕

ដោយ ៖ សហការី


ចែករំលែក៖