ខេត្តព្រៃវែង ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងមានការចូលរួមពី លោក សុខ ផេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ចុះអន្តរាគមន៍ដោះស្រាយការខ្វះខាតទឹក ស្ថិតនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ៖
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តី បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យផ្ទាល់ និងបញ្ជាលើការងារអន្តរាគមន៍ដោះស្រាយទឹកដល់ស្រែបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ប្រមាណ ១០៨០ហិកតា ទីតាំងចំណុចព្រែកតាតាំ ស្ថិតក្នុងសង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
សូមជម្រាបជូនថា, សកម្មភាពអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូចដោយសារតែស្ថានភាពភូមិសាស្រ្តជាដីភក់បាតបឹង មិនអនុគ្រោះក្នុងការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកធុនធ្ងន់ ។
ដោយបានចុះពិនិត្យស្ថានភាពផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាបន្ថែម អ៊ិចស្កាវ៉ាទ័រចំនួន ០៣គ្រឿង និងម៉ាស៊ីនបូមទឹកចំនួន ០៤គ្រឿងបន្ថែមទៀត ដើម្បីកាយប្រឡាយសម្រួលលំហូរទឹក ៕
ដោយ៖ សុខ ខេមរា