ខេត្តបន្ទាយមានជ័យ៖ រថយន្ត២គ្រឿងបុកគ្នាធ្វើឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិអូរញ ឃុំភ្នំតូច ស្រុកមង្គលបូរី។
នគរបាលមូលដ្ឋានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់កើតឡើងមានរថយន្តតូយ៉ូតា តាកូម៉ាពាក់ផ្លាកលេខសៀមរាប2B.8706ជារថយន្តដឹកគ្រឿងសំណង់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងមកជើងបានបត់ស្តាំស្ទះម៉ូតូ១គ្រឿងទៅមុខលែងរួច ចំណុចផ្លូវបំបែកហើយមានរថយន្តតាក់ស៊ីមួយគ្រឿងម៉ាកឡិចស៊ីសRX.300ពាក់ផ្លាកលេខសៀមរាប2C.8056 ដឹកពលករខ្មែរមកពីព្រំដែនទៅស្រុកកំណើតបានបើកស្របទិសគ្នាពីត្បូងមកជើងមកដល់ចំណុចកើតហេតុបានបុកចំពាក់កណ្តាលធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ស្រាល៣ទៅ៤នាក់តែម្ដង។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញកម្លាំងនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះមកពិនិត្យវាស់វែងសម្រួលចរាចរណ៍។
ប្រភពបន្តថា៖ មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តតូយ៉ូតា តាកូម៉ា ដឹកគ្រឿងសំណង់បើកស្របទិសគ្នាមកបត់ពីមុខកន្លែងឧបសគ្គទៅលែងរួចត្រូវបានរថយន្តឡិចស៊ីសRX300បើកស្របទិសបុកចំពាក់កណ្តាលតែម្ដង។
កម្លាំងនគរបាលជំនាញបានប្រាប់ថា៖ ក្រោយពីធ្វើការវាស់វែងហើយរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករងរបួសមិនទាន់ស្កាល់អត្តសញ្ញាណបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ៖ វណ្ណា