ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនចិន២នាក់ទៅតុលាការពាក់ព័ន្ធករណីប្រើអំពើហិង្សាចាប់ចិនម្នាក់ចងដៃចងជើងបិទស្តុតរុំមាត់ធ្វើទារុណកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនជនជាតិចិន២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ចាប់ជនជាតិចិនដូចគ្នាចងដៃចងជើង និងយកស្តុតរុំមាត់រុំក្បាលបង្ខាំងទុកក្នុងគោលបំណងទុច្ចរិត ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ MA JIAN DONCO ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ WANCO YON FU ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ពួកគេស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ១៦mថ្មី ភូមិតិកូបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះត្រូវបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ អង្គហេតុនៃការចាប់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនទៅតុលាការ សមត្តកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅក្នុងបុរីឈូកវ៉ា២បានរាយការប្រាប់សមត្តកិច្ចថា មានជនជាតិចិន២នាក់ ស្នាក់នៅផ្ទះខាងលើនេះ បានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សាលើបុរសជនជាតិចិនម្នាក់ដោយយកខ្សែចងដៃចងជើង និងយកស្តុតរុំមាត់ រុំក្បាល ដោយធ្វើទារុណកម្មសម្លាប់បំបិទមាត់ហើយនិងប៉ុនប៉ងដឹកជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងណាមួយ ។ បន្ទាប់ពីមានសេចក្តីរាយការពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ និងលោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌ ព្រមទាំងកម្លាំងជំនាញបានចុះសហការជាមួយនគរបាលប៉ុស្ត៍សំរោងក្រោមបើកកិច្ចប្រតិបត្តការចុះទៅឃាត់ខ្លនជនសង្ស័យទាំង២នាក់និងបានរំដោះជនរងគ្រោះផងដែរ ដែលដៃនិងជើងកំពុងជាប់ចំណង ក្បាលរុំជិតដោយស្តុតស្ទើរតែមិនរស់ជីវិត ។ ជនសង្ស័យត្រូវបានសមត្តកិច្ចនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណែកជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងមានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង,ម៉ូតូ១គ្រឿង,ទូរស័ព្ទ២ គ្រឿង, ស្តុតនិងស្បោងខ្មៅមួយចំនួនទៀត ដែលជាមធ្យោបាយរបស់ជនសង្ស័យធ្វើសកម្មភាព ។ ក្រោយឃាត់ខ្លួនសង្ស័យក្នុងបទល្មើសជាក់ស្តែងនោះ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ៕

IMG_5920

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖