ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តរាប់បាត្រ សម្តែងរបាំត្រុដិ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី លោក  អ៊ាន ឃុន  ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត បានរៀបពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តីជ័យមង្គល ដោយនិមន្តព្រះសង្ឃចំនួន៩អង្គទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ បើតាមការបញ្ជាក់ពី អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ 

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងការអរគុណនិងប្រសិទ្ឋពរជ័យសិរីមង្គលចំពោះមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ព្រមទាំងបានថ្លែងកោតសសើរនិងអរគុណផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអាជ្ញារធរគ្រប់មូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ក្នុងទូទាំងខេត្តកន្លងមកបានខិតខំជួយថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ដោយបានបំពេញការងារដ៏នឿយហត់  អស់រយៈពេល១ឆ្នាំមកនេះ ។

សំណេះសំណាលក្នុងពេលនោះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមគោលនយោបាយឈ្នះៗ របស់សម្តេច បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ  សូមអរគុណសម្តេចតេជោ និង សូមអរគុណសន្តិភាព 

ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត និង  អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត បានឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន វីវជន យុទ្ធជន ស្នេហាជាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងអស់ ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមប្រោសប្រទានសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងក្នុង និង ក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅឱកាសនោះ ក៏មានរៀបចំ ពិធីសម្តែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុងការងារសម្រាប់ឆ្នាំថ្មីផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖