ព័ត៌មានទាន់ហេតុការណ៍៖

បេះដូងក្រដាស ដែលបត់ដោយប្រជាពលរដ្ឋ មិនសម្រាប់តែបំបែកឯតទគ្គកម្មទេ តែក៏ជាអំណោយពលរដ្ឋខ្មែរ ជូនអត្តពលិក ដែលចូលរួមប្រកួតស៊ីហ្គេម

ចែករំលែក៖

ខេត្តសៀមរាប៖ បេះដូងក្រដាសរាប់សិបម៉ឺន ដែលបត់ដោយដៃប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ ត្រូវបានរៀបចំជាលក្ខណ:សួនដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត ។ ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ដែលនឹងត្រូវរាប់នៅថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

បើទោះជាការកៀងគរមហាជនបត់បេះដូងក្រដាសយ៉ាងច្រើនសន្ធឹកនេះ ដើម្បីបំបែកឯតទគ្គកម្មក្តី ប៉ុន្តែសម្រាប់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរឿងនេះ បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់ ១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។ 

លោកហ៊ុន ម៉ានី បន្តថា ជាមួយគ្នានេះ ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសារចំនួន២ គឺរាំចង្វាក់ម៉ាឌីហ្សន និងការបត់ក្រដាសជារូបបេះដូង។ លោក ហ៊ុន ម៉ានី បន្តថា ការបត់ក្រដាសជារូបបេះដូង តាមផែនការគ្រោងនឹងធ្វើឲ្យបានចំនួន ១លាន ប៉ុន្តែត្រង់ថាបងប្អូនចូលរួមបានប៉ុន្មាននោះ នៅថ្ងៃទី១១ ខែមេសា នឹងដឹងលទ្ធផល។

លោក ហ៊ុន ម៉ានី ឲ្យដឹងបន្ថែមថា បេះដូងក្រដាសដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើង ដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូក្តីស្រលាញ់របស់ពលរដ្ឋកម្ពុជា ជូនអត្តពលិក ដែលចូលរួមក្នុងការប្រកួតស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ 

យោងតាមសេចក្តីជូនដំណឹងរបស់សសយក បានឱ្យដឹងថា សាធារណជនប្រជាពលរដ្ឋ ចូលរួមជាសាក្សីក្នុងការរាប់ និងការតាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោកដោយសេរី ដើម្បីចូលរួមក្នុងបុព្វហេតុគាំទ្រដល់អត្តពលិកដែលមានពិការភាព សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖