ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
-សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តឱ្យមានការជួបជុំជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជានៅឆ្នាំក្រោយៗទៀត ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងរកដំណោះស្រាយនានារួមគ្នា។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីមុនកម្ពុជាធ្លាប់តែនាំចូលផលិតផលជាច្រើន ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា ប៉ុន្ដែតាមរយៈសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា បានធ្វើឱ្យកម្ពុជាអាចផលិតសម្ភារប្រើប្រាស់ដែលជាផលិតផលក្នុងស្រុកដោយខ្លួនឯង។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល តែងតែចាត់ទុក សហគ្រាសធុនតូច និងមធ្យម គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
-សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទបញ្ញត្តិនានា ព្រមទាំងពន្ធគយ ដើម្បីជួយសម្រួលទៅដល់ដំណើរការអាជីវកម្មនានារបស់សហគ្រាសធុនតូច និងមធ្យម។
-សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ជាមួយគ្នានេះសម្ដេចតេជោ ជំរុញឱ្យក្រសួងស្ថាប័ន ដោះស្រាយនូវបញ្ហាប្រឈមនានា និងកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ចសំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងនៅកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វត្តមានរបស់សហគ្រិន នៃសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជានាពេលនេះគឺជាបណ្ដុំធនធានសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា។ សម្ដេចតេជោរម្លឹកថា កន្លងទៅមានទស្សនមួយចំនួនបានលើកឡើងថា ពួកគេតាំងខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែពួកគេមិនដឹងទេថា រាជរដ្ឋាភិបាលកំពុងធ្វើអ្វី នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាងដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្របខណ្ឌជំនួបជាមួយ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃនេះ គឺជាជំនួបរវាងរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបើនិយាយឱ្យធំទូលាយ។ ដូច្នេះសម្ដេចតេជោបានជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា យកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលពាក់ព័ន្ធនឹងការកែច្នៃ ចំណីអាហាររបស់កម្ពុជាតែម្ដង។
-សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាសធនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធនតូច និងធម្យមនៅកម្ពុជា និងដើម្បីវាយតម្លៃសេចក្ដីត្រូវការ អភិវឌ្ឍសមត្ថភាពជំនាញ សហគ្រាសធនតូច និងធម្យម សម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននឹងកំពុងជួបប្រទះ។
សូមជម្រាបជូនថា ក្នុងពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស FASMEC, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណប្រាំពាន់នាក់ ដែលក្នុងនោះ រួមមានអនុប្រប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធាននី និងខេត្ត៕
ដោយ៖ស តារា