ខេត្តបាត់ដំបង៖ បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនមុខសញ្ញាជនសង័្សយក្នុងករណីឃាតកម្មចំនួន ០៦នាក់នៅស្រុកថ្មគោល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១១និង០៦នាទី នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបន្តថា ក្នុងប្រតិបត្តិការនោះដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងបណ្តាលក្រុង-ស្រុកចំនួន០៥ និងសហការកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះប្រតិបត្តិការបង្ក្រាបករណីឃាតកម្ម (ប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់) ០១ករណី សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់ មកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង០៦នាក់នេះទី១.ឈ្មោះ វុធ សួខសួស្តី អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ,ទី២.ឈ្មោះ ឡុង ស្រីចើត អាយុ២១ឆ្នាំ រស់នៅភូមិក្បាលឡាន ឃុំអំពិលប្រាំដើម ស្រុកបវេល ,ទី៣.ឈ្មោះ កៅ លីគួ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី ,ទី៤.ឈ្មោះ កែវ ឡេងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរស្បែកកម្រើស ឃុំអំពិលប្រាំដើម ស្រុកបវេល ,ទី៥.ឈ្មោះ លឹម គឹមថុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ស្តី ឃុំអំពិលប្រាំដើម ស្រុកបវេល, និងទី៦.ឈ្មោះ ស៊ី សំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣៥នាទី នៅចំណុចក្រុមទី៦១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង្ស័យទាំង ០៦នាក់ខាងលើ បានចូលរួមធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលបណ្តាលឱ្យត្រូវត្រង់ទ្រូងខាងឆ្វេងចំនួន ០១គ្រាប់ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។ តាមកម្លាំងនគរបាលបានសួរចម្លើយបានអោយដឹងថា មូលហេតុផ្តើមឡើងដោយសារទំនាស់ពាក្យសំដី។ វត្ថុតាងដែលដកហូតបានរួមមាន៖ អាវុធខ្លីចំនួន ០១ដើម និងម៉ូតូចំនួន ០៥គ្រឿង ។
បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖ សហការី