ខេត្តសៀមរាប៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រស្រុកវ៉ារិន មានឃុំស្រែណូយ ឃុំល្វាក្រាំង និងឃុំស្វាយស សរុបចំនួន១៥គ្រួសារ (រលំ៣ខ្នង និងរបើកដំបូល១២ខ្នង) ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅវត្តប្រាសាទចន្ទគីរី ឃុំល្វាក្រាំង នាព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះ ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងសូមមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ពិសេសជាងនេះ រាល់ការធ្វើដំណើរសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បើចៀសវាងគ្រោះថ្នាក់ចរារចរណ៍ ដែលអាចបង្កឱ្យមានរបួស ពិការ ឬបាត់បង់ជីវិត នាំឱ្យមានការសោកស្ដាយក្នុងជីវិត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
– គ្រួសារឆេះ និងរលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ប៊ីចេង១០កញ្ចប់តូច អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ប៊ីចេង១០កញ្ចប់តូច អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
ជាមួយគ្នានេះដែរលោកក៏បានឧបត្ថម្ភបន្ថែមនូវថវិកាផ្ទាល់ខ្លួនចំនួន៥ម៉ឺនរៀលផងដែរក្នុង១គ្រួសារ៕
ដោយ ៖ សហការី