សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ក្រុមមន្ត្រីបាននិយាយថា បុគ្គលិកកងទ័ពចំនួន៤នាក់បានស្លាប់ដោយហេតុការណ៍បាញ់ប្រហារមួយនៅបន្ទាយយោធាមួយកន្លែងក្នុងរដ្ឋពុនចាប់ (Punjab) ប្រទេសឥណ្ឌា កាលពីវេលាទៀបភ្លឺថ្ងៃពុធនេះ ហើយជនសង្ស័យកំពុងស្ថិតក្រោមការស្វែងរកចាប់ខ្លួន។
មន្រ្តីការពារជាតិម្នាក់បានប្រាប់ Reuters ដោយបដិសេធមិនបញ្ចេញឈ្មោះថា ខ្មាន់កាំភ្លើងដែលមិនទាន់ច្បាស់មានគ្នាប៉ុន្មាននាក់ កំពុងស្ថិតក្នុងបន្ទាយយោធាបាធិនដា (Bathinda) ដែលជាកន្លែងកើតហេតុនៅឡើយ ហើយក៏មានគ្រាប់កាំភ្លើងជាប់ខ្លួនពួកគេផងដែរ។ ចំណែកមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋពុនចាប់ បានប្រាប់ថា ឧបទ្ទវហេតុនេះមិនមែនជាការវាយប្រហារភេរវកម្មទេ ហើយវាបានកើតឡើងនៅក្នុងអាហារដ្ឋានមួយក្នុងបន្ទាយយោធានោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពបានគូសបញ្ជាក់ថា «ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ៈ៣៥នាទីទៀបភ្លឺថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ពេលនេះក្រុមប្រតិកម្មរហ័សរបស់បន្ទាយយោធា កំពុងធ្វើសកម្មភាព ខណៈដែលទីតាំងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងបិទជិត។ ប្រតិបត្តិការរុករកជនបង្កកំពុងប្រព្រឹត្តទៅ ស្របពេលព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់»។
បន្ទាយយោធាខាងលើនេះ មានចម្ងាយប្រហែល ២៨០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងញូវដេលី គឺបម្រើជាមូលដ្ឋានទ័ពផងនិងជាកន្លែងស្នាក់នៅរបស់គ្រួសារទាហានផង៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters