ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ។
មន្ត្រីអាវុធហត្ថបញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ(ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យឈ្មោះ ទឹម សាមឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នួន នីណារ៉ូ ប្រាប់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទឹម តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ត្រូវជាអ៊ុំបង្កើតជនរងគ្រោះឈ្មោះ ឌ.ស.ល ភេទស្រី អាយុ១១ឆ្នាំ ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីកូនអាយុ០៩ឆ្នាំ រហូតដល់លើកចុងក្រោយរំលោភនៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ ។
បើតាមសម្ដីជនរងគ្រោះបានបង្ហើបប្រាប់យាយនិងអ៊ុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ថា កាលដែលទៅលេងផ្ទះយាយនៅខេត្តពោធិ៍សាត់ ហើយខ្លួនយំស្រែកមិនព្រមត្រឡប់មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាបទៀត(រំលោភ) ។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វេីការឃាត់ខ្លួនជងសង្ស័យជាឪពុក មកកាន់មូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យ បានបដិសេធពុំព្រមទទួលស្គាល់កំហុស ដែលកូនស្រីចោទថានាំនាងទៅមុជទឹក រួចធ្វើសកម្មភាពចាប់រំលោភរូបនាងនៅបន្ទប់ទឹក។ បន្ទាប់ពីសួរចម្លេីយរួច ជនសង្ស័យត្រូវបានបញ្ជូនបន្តមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី ៕
ដោយ ៖ វណ្ណា