ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣នេះថា៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១២ មេសានេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានគូសបញ្ជាក់ថា ចំពោះគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន មិនគោរពសិទ្ធិ ១លើក មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ២លើក។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមេសាម្សិលមិញនេះ
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។ ក្នុងករណីគ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធិ ៤លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ៕

ដោយ៖សហការី(រូបភាព៖ ឯកសារ)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច