ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការជំនួយស្មារតីស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋមុនចូលឆ្នាំប្រពៃណីខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ពិសេសការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីសាធារណការខេត្ត  មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះយុទ្ធនាការជំនួយស្មារតីស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើការចុះអប់រំប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ ៥៦A  បេនឡានក្រុង សិរីសោភ័ណ  ផ្សារសិរីសោភ័ណ ក្នុងនោះផងដែរក្រុមមន្ត្រីយើងបានធ្វើការចែកជូននូវឯកសារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដោយផ្ដោតសំខាន់ទៅលើច្បាប់ចរាចរណ៍ផ្លូវគោកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

     លោកពុទ្ធ ញាណដារិន្ទ ជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការនិងដឹកជញ្ជូននិងលោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមយុវជនកាកបាទក្រហមតែងតែចុះអប់រំផ្សព្វផ្សាយស្ដីពីចរាចរណ៍ផ្លូវគោកជារឿយៗក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងអំឡុងនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ធ្វើ ដំណើរតាមដងផ្លូវសាធារណៈត្រូវតែគោរពច្បាប់ចរាចរណ៍ ដូចទិសស្លោកមួយបានចែងថា ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖